មេឧទ្ទាមអំពាវនាវដល់ប្រជាជនស៊ីរីរួមគ្នាកសាងប្រទេសឡើងវិញ
បរទេស៖ លោក Abu Mohammed al-Jolani មេដឹកនាំឧទ្ទាមបានអំពាវនាវឲ្យប្រជាជនស៊ីរី ត្រឡប់ទៅកសាងប្រទេសស៊ីរី ជាថ្មីឡើងវិញ បន្ទាប់ពីលោក Assad ធ្លាក់ពីអំណាច។
អំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់វិហារអ៊ីស្លាម Imam Shafi’i ស្ថិតក្នុងទីក្រុង Damascus
លោក Abu Mohammed al-Jolani មេដឹកនាំក្រុមអ៊ិស្លាមនិយម Hayat Tahrir al-Sham ហៅកាត់ HTS
នៃប្រទេសស៊ីរីបាននិយាយថា «ប្រជាជនដែលបានធ្វើចំណាកស្រុក និងបានស្វែងរកសិទ្ធិជ្រកកោន ព្រមទាំង ត្រូវបានផ្លាស់ទីលំនៅ ពួកគេត្រូវតែត្រឡប់មកវិញ ដើម្បីកសាងប្រទេសជាថ្មី»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសស៊ីរីបាននិយាយថា សម្ព័ន្ធភាពដឹកនាំដោយឥស្លាមនិយម ដែលបណ្តេញប្រធានាធិបតី Bashar al-Assad ចេញពីអំណាច នឹងធានាសិទ្ធិជនជាតិភាគតិច ដោយបានអំពាវនាវផងដែរ ដល់មនុស្សរាប់លាននាក់ ដែលបានភៀសខ្លួនពីសង្គ្រាម ឱ្យត្រឡប់ទៅប្រទេសវិញ។
លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារផ្លេកបន្ទោរ ដឹកនាំដោយក្រុមអ៊ីស្លាមនិយម HTS និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលបាននាំមកនូវការបញ្ចប់ដ៏អស្ចារ្យ នៃការគ្រប់គ្រងដ៏ឃោរឃៅ រយៈពេល ៥ ទសវត្សរ៍ នៃត្រកូល Assad។
គួរបញ្ជាក់ថា Sunni Muslim HTS មានឫសគល់នៅក្នុងសាខា Al-Qaeda របស់ប្រទេសស៊ីរី ហើយត្រូវបានចាត់តាំង ជាអង្គការភេរវករ ដោយរដ្ឋាភិបាលជាច្រើន នៅលោកខាងលិច ទោះបីជាខ្លួនបានព្យាយាមសម្របសម្រួល តាមរយៈវោហាសាស្ត្រ ក៏ដោយ។
ដោយមិនគិតការវាយផ្តួលរលំលោក Assad ថ្មីៗនេះ សង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី បានសម្លាប់មនុស្សជាង ៥០ម៉ឺននាក់ និងបង្ខំឱ្យប្រជាជនពាក់កណ្តាលត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយក្នុងនោះ ៦ លាននាក់ កំពុងស្វែងរកការជ្រកកោន នៅបរទេស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត