ស៊ីរីត្រៀមបើកអាកាសយានដ្ឋានក្នុងរដ្ឋធានីឡើងវិញ
បរទេស៖ អាកាសយានដ្ឋាន Damascus ដែលបានបិទ ចាប់តាំងពីកងកម្លាំងឧទ្ទាមចូលវាយលុករដ្ឋធានី នៅប្រទេសស៊ីរី កាលពីចុងសប្តាហ៍ គឺនឹងត្រូវបើកឡើងវិញ «នៅប៉ុន្មានថ្ងៃខាងមុខ» នេះបើតាមនាយកអាកាសយានដ្ឋាន លោក Anis Fallouh ថ្លែងប្រាប់ AFP។
លោក Fallouh មានប្រសាសន៍ កាលពីថ្ងៃពុធថា «អាកាសយានដ្ឋាននឹងបើកឡើងវិញ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន»។ នៅពេលសួរនាំ អំពីពេលវេលាជាក់លាក់ សម្រាប់ការបើកដំណើរការឡើងវិញ លោក Anis បាននិយាយថា «វាគួរតែកើតឡើង នៅក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ»។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឃើញក្រុមឧទ្ទាមប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ជុំវិញព្រលានយន្តហោះ។ មន្ត្រីថែទាំយន្តហោះបាននិយាយថា បច្ចុប្បន្ន មានយន្តហោះចំនួន ១២គ្រឿង នៅលើដី ដែលមួយគ្រឿង ក្នុងចំណោមយន្តហោះទាំងនោះ ត្រូវបានដកហូតឧបករណ៍ដោយមានអ្នកចូលលួចមិនស្គាល់មុខ ក្នុងអំឡុងពេលការកាន់កាប់ របស់ពួកឧទ្ទាម។
គួររម្លឹកថា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានរត់ភៀសខ្លួន ខណៈក្រុមឧទ្ទាមបានចូលក្នុងទីក្រុង Damascus កាលពីព្រឹកថ្ងៃអាទិត្យ ចុងសប្តាហ៍មុន។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ប្រធានាធិបតីដែលរត់គេចខ្លួន បានជិះយន្តហោះចេញ ភ្លាមៗ។ ពេលនេះ លោក Assad កំពុងសុំសិទ្ធិជ្រកកោណ នៅប្រទេសរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត