ប្រមុខ UN ប្តេជ្ញាគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី
បរទេស៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា UN ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្ទេរអំណាចដោយសន្តិវិធី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ខ្ទាតចេញពីប្រទេស។
លោក Antonio Guterres បានអះអាង កាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរអំណាច ដោយរលូន ជាមួយនឹងដំណើរការនយោបាយរួមមួយ ដែលសិទ្ធិរបស់ជនជាតិភាគតិចទាំងអស់ នឹងត្រូវបានគោរព យ៉ាងពេញលេញ និងត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព ឯកភាព ជាមួយនឹងបូរណភាពទឹកដីរបស់ខ្លួន ត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ។
លោក Guterres បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូង លោក Ronald Lamola ។
លោក Guterres លើកឡើងថា «វាជាកាតព្វកិច្ចរបស់យើង ក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រមេដឹកនាំស៊ីរីផ្សេងៗគ្នា … ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមកជាមួយគ្នា និងអាចធានាការផ្លាស់ប្តូរ ដោយរលូន និងការផ្លាស់ប្តូររួមបញ្ចូលមួយ ដែលប្រជាជនស៊ីរីទាំងអស់ អាចមានអារម្មណ៍ថា ពួកគេគឺជាកម្មសិទ្ធិ» ។
ស្របពេលដែលស៊ីរី នៅមានការបែងចែក លោក Guterres បាននិយាយថា «វាគឺជាពេលវេលាសម្រាប់ការរួបរួម ហើយវាជាពេលវេលា សម្រាប់ការបង្កើតឡើងវិញ នូវបូរណភាពទឹកដី របស់ខ្លួន»។
គួររម្លឹកថា កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោក Assad បានភៀសខ្លួន ចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារផ្លេកបន្ទោរ ដឹកនាំដោយក្រុមអ៊ីស្លាមនិយម HTS និង សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបាននាំមកនូវការបញ្ចប់ដ៏អស្ចារ្យនៃការគ្រប់គ្រងដ៏ឃោរឃៅ រយៈពេល ៥ទសវត្សរ៍ នៃត្រកូល Assad៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត