ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាប្រយុទ្ធដល់នាទីចុងក្រោយ
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថា នឹងប្រយុទ្ធ «រហូតដល់នាទីចុងក្រោយ» ដោយការពារ «ការសម្រេចចិត្ត» ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន កាលពីសប្តាហ៍មុន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ជាមួយនឹងការដាក់ពង្រាយកងទ័ព ទៅកាន់សភាជាតិ។
មេដឹកនាំកូរ៉េខាងត្បូង រូបនេះ ត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរទៅបរទេស ដើម្បីទុកផ្លូវ បើកការស៊ើបអង្កេត ជុំវិញ «ការបះបោរ» ក្រោយព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣ និង៤ ខែធ្នូ ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងជាច្រើន ជាពិសេស លោកខាងលិច ភ្ញាក់ផ្អើល ជាខ្លាំង។
ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ នៅក្នុងសភា ម្តងទៀត នៅថ្ងៃសៅរ៍ ខាងមុខនេះ លោក Yoon បានប្តេជ្ញាថា នឹង «ប្រយុទ្ធជាមួយប្រជាជន រហូតដល់នាទីចុងក្រោយ»។ លោកបាននិយាយ តាមរយៈសុន្ទរកថា ចេញផ្សាយលើទូរទស្សន៍ថា «ខ្ញុំសុំទោសម្តងទៀត ចំពោះប្រជាជន ដែលប្រាកដជាមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ដោយសារតែច្បាប់អាជ្ញាសឹក»។ លោកបន្តថា «សូមទុកចិត្តខ្ញុំ ចំពោះភក្ដីភាពដ៏កក់ក្ដៅរបស់ខ្ញុំ សម្រាប់ប្រជាជន»។
ប៉ុន្តែ លោក Yoon នៅតែរឹងទទឹង ដោយចោទប្រកាន់ក្រុមប្រឆាំងថា បានរុញប្រទេស ចូលទៅក្នុង «វិបត្តិជាតិ»។ លោក Yoon បាននិយាយថា «រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងដ៏ធំ បានក្លាយជាបិសាច ដែលបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នៃលទ្ធិប្រជាធិបតេយ្យសេរី»។ ប៉ុន្តែ លោកបាននិយាយថា លោកនឹងមិនគេច ពីការទទួលខុសត្រូវ ផ្នែកច្បាប់ និងនយោបាយ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត