ប្រណាំងទូកអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់​ផ្តើម​ក្នុង​បរិយាកាសសប្បាយរិករាយ

(កំពត)៖ ពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរ​ពិធី​បុណ្យ​សមុទ្រលើកទី១១ នៅខេត្តកំពត បានបើកដំណើរការ​ប្រកួតហើយ​នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិ​បាលខេត្ត និងលោកជំទាវ។ ការប្រកួតថ្ងៃទី១នេះមានពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយបំផុត ។

ក្នុងពិធីបើកការប្រណាំងទូកចំនួន ១៤គូ នៅបរិវេណកីឡាលើទឹក នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម អភិបាលខេត្តបានមាន​ប្រសាសន៍ថា ការប្រណាំងទូកនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរ​ពិធីបុណ្យសមុទ្រផង និងដើម្បីលើកកម្ពស់កីឡាប្រណាំងទូក ដែល​ជាប្រភេទកីឡាតំណរពីដូនតារបស់ខ្មែរផង  ដើម្បីបង្កភាពសប្បាយរីក​រាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ មកលេង​ខេត្តកំពត។

ក្រុមយុវជនចូលរួមក្នុងពិធីប្រណាំងទូក បានបង្ហាញចំណាប់អារម្មណ៍​សប្បា​យ​រីករាយ និងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពត ពិសេស ឯកឧត្តមម៉ៅ ធនិន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឲ្យ​ខេត្តកំពត​មានការអភិវឌ្ឍន៍ ច្រើនឡើង និងបានរៀបចំព្រឹត្តិការណ៍កាន់តែស្អាត និងទាក់ទាញទេសចរ ។

ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត  លោក សូ ភារិទ្ធ បានបញ្ជាក់​ថា ការប្រណាំងទូកត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ  ថ្ងៃទី១ប្រកួតតាមរូប​មន្ត​ជម្រុះ ២ជើង ដោយប្តូរខ្សែទឹក យកអ្នកឈ្នះឡើងទៅបន្តនៅ​ថ្ងៃស្អែក​ចំនួន ១៦ទូក(៨គូ) ហើយនៅរសៀលថ្ងៃទី២ ការប្រកួតតាមរូបមន្តជម្រុះ​១ភាគ​៨ និងឈានទៅដល់វគ្គផ្តាច់ព្រាត់ រកចំណាត់ថ្នាក់ជើងឯកប្រចាំឆ្នាំ២០២៤ ចាប់ពីលេខ១ ដល់ចំណាត់ថ្នាក់លេខ៣ ៕

ដោយ ៖ សិលា សារិន

ads banner