សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគី
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូបានអញ្ជើញដល់ រដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ប្រកបដោយសុវត្តិភាព នៅវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអង់ការ៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា សម្តេចតេជោប្រធានព្រឹទ្ធសភា និង គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគី-កម្ពុជា, ឯកឧត្តម សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគី ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់សភាតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត ។
វត្តមាននៃការអញ្ជើញដល់សណ្ឋាគារ ក្នុងរដ្ឋធានីអង់ការ៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងប្រកបរបរចញ្ចឹមជីវិត និងធ្វើកម្មសិក្សា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
នៅសាធារណរដ្ឋតួកគី សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួប សម្តែង ការគួរសមនិងពិភាក្សា ការងារជាមួយឯកឧត្តម រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានា ធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្ម វិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយេផងដែរ។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញ បំពេញទស្សនកិច្ច នៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេស កាន់សាសនាឥស្លាម ។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ាប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគី និងប្រទេសអេមីរ៉ាត់អារ៉ាបរួម ។
សម្តេចតេជោ និងគណៈប្រតិភូ បានចាប់ផ្តើម ដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ ។ ប្រទេសដំបូងគេ ដែលសម្តេចបានបំពេញទស្សនកិច្ច គឺប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ មកប្រទេសកាតា ប្រទេសតួកគី និងប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនេះ គឺប្រទេស អេមីរ៉ាត់អារ៉ាប់រួម។
ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តា ប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ «ការទូតសភា» ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីរ របស់ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួម ចំណែក ដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិ របស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។
ដំណើរទស្សនកិច្ច ក៏បង្ហាញពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ជាមួយបណ្តាប្រទេសកាន់សាសនាឥស្លាម ដែលកម្ពុជាមានលទ្ធភាពប្រើប្រាស់ សក្តា នុពលរបស់ខ្លួន ដើម្បីជំរុញបន្ថែមនូវការវិនិយោគ និងធ្វើពាណិជជ្ជកម្ម ដែលជាការធ្វើ ពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួន ៕
ដោយ ៖ វណ្ណលុក