សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ៖ « កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល » នៅសាលសន្និបាតនិងពិពណ៌កោះពេជ្រ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើងមានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជន អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមបុព្វជិតគ្រប់និកាយ សាសនា ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសថ្មីៗលើគ្រប់រូបភាពដែលពាក់ព័ន្ធ ទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការដោះស្រាយការជួញដូរមនុស្ស គឺទាមទារឱ្យមានវិធានការទប់ស្កាត់ដែលមានប្រសិទ្ធភាពខ្ពស់ ដែលកន្លងមកយើងបានឃើញហើយថាមានជនល្មើសជាច្រើន ដែលភាគច្រើនដាច់ខាតជាជនអន្តោប្រវេសន៍បរទេសខុសច្បាប់បានបន្លំខ្លួនចូលមកកម្ពុជា ដើម្បីសម្ងំលាក់ខ្លួនបង្កើតបានជាបទលើ្មសយ៉ាងអាណាធិបតេយ្យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំមកនូវបច្ចេកទេសនៃបទល្មើសប្លែកៗ និងទំនើបៗ ដែលកម្ពុជាមិនធ្លាប់មានមកសាបព្រោះនៅលើទឹកដីកម្ពុជា ដោយទាញយកឱកាសនៃការអនុវត្តសេដ្ឋកិច្ចក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សកម្មភាពដូចខាងលើនេះវាបានបំផ្លាញចំពោះសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងប្រជាជននៃបណ្តាប្រទេសនានាដែលមកស្នាក់នៅ និងរកការងារនៅកម្ពុជា។

សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សកម្មភាពនៃបទល្មើសឧក្រឹដ្ឋទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមានលើដំណើរការនៃការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ដខ្ពស់ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជាតាមគ្រប់រូបភាព ដោយសម្តេចនាយករដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការរម្លឹកឡើងវិញកាលពីអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកន្លងទៅនេះ បន្ទាប់ពីបានពិនិត្យឃើញថាមានសកម្មភាពនៃការប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើស តាមរូបភាពបន្លំអាជីវកម្មអនឡាញនៅតាមទីតាំងមួយចំនួន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner