នគរបាលខេត្តតាកែវ ដាក់ពង្រាយកម្លាំងត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ
(តាកែវ)៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ នៅរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ បានប្រជុំរៀបចំផែនការ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ នាឱកាសពិធីបុណ្យសមុទ្រនៅខេត្ដកំពតខាងមុខនេះ ដោយតម្រូវអោយមន្រ្តីនគរបាលចំនួន ៦ស្រុក ត្រូវត្រៀមលក្ខណៈសម្បត្ដិសម្ភារៈអោយបានគ្រប់គ្រាន់ រួមមានស្រុកបាទី, ស្រុកសំរោង, ស្រុកត្រាំកក់, ស្រុកទ្រាំង ,ស្រុកគីរីវង់, និងក្រុងដូនកែវ ដាក់ពង្រាយកំលាំងអន្តរាគមន៍ និងនគរបាលចរាចរណ៍គ្រប់គោលដៅ ដើម្បីឈរជើងចាំការពារ សម្រួលចរាចរណ៍ បញ្ចៀសការក៏ស្ទះនៅតាមដងផ្លូវ ងាយស្រួលដល់ការធ្វើដំណើររបស់ថ្នាក់នាំ និងបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តផងដែរ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍ថា កងកម្លាំងនគរបាលដែលចុះរៀបចំសណ្តាប់ធ្នាប់នៅគ្រប់គោលដៅឈរជើងប្រចាំការទាំងអស់ត្រូវតែ ពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈតាមដងផ្លូវ ដោយពង្រាយកម្លាំងនគរបាលចរាចរណ៍ កងកម្លាំងអន្តរាគមន៍ ដើម្បីជួយសម្រួលចរាចរណ៍ និង បញ្ជៀសចរាចរណ៍កុំឲ្យមានកក់ស្ទះលើដងផ្លូវ ត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុង ចេញល្បាតចល័ត និងត្រួតពិនិត្យតាមគោលដៅ ត្រៀមសម្ភារៈឲ្យបានគ្រប់គ្រាន់សម្រាប់បម្រើឲ្យការងារចរាចរណ៍មានដូចជា សាជី អាវចំណាំង ពិលបញ្ជាចរាចរណ៍ រនាំងជាដើម ត្រូវប្រមូលផ្តុំកម្លាំង និងយកចិត្តទុកដាក់ខ្ពស់តាមគោលដៅដែលខ្លួនទទួលខុសត្រូវផងដែរ ៕
ដោយ ៖ សំាង សារ៉ាវី