ហ្វូស៊ីលដាយណូស័រចំនួនបីសល់ពីសម័យ Jurassic ដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ
ឡុងដ៍ ៖ ហ្វូស៊ីលដាយណូស័រចំនួនបី ដែលសេសសល់ពីអំឡុងសម័យ Jurassic នឹងស្ថិតនៅក្រោមញញួរដេញថ្លៃមួយក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតម្លៃប៉ាន់ស្មានដល់ទៅរាប់លានដុល្លារ។
គ្រោងឆ្អឹងដាយណូស័រ Allosaurus ពេញវ័យ និងមិនទាន់ពេញវ័យ នឹងដាក់លក់ជាគូក្នុងតម្លៃ ពី ៦.៤លានដុល្លារ ដល់ ១០.២លានដុល្លារ ហើយហ្វូស៊ីលដាយណូស័រ Stegosaurus មួយទៀត នឹងដាក់លក់ក្នុងតម្លៃ ពី ៤លានដុល្លារ ដល់ ៦លានដុល្លារ។
គ្រោងឆ្អឹងដាយណូស័រទាំងបី ដែលដាក់តាំងនៅបន្ទប់តាំងបង្ហាញរបស់អគារដេញថ្លៃ Christie’s London នេះ ត្រូវបានជីកកកាយរកឃើញនៅរដ្ឋ Wyoming របស់សហរដ្ឋអាមេរិក។
លោក James Hyslop ប្រធានផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តធម្មជាតិនៅ Christie’s London បាននិយាយថា វាគឺជារឿងដ៏កម្រមួយដែលគ្រោងឆ្អឹងដាយណូស័រចំនួន៣ ត្រូវបានដាក់លក់ដេញថ្លៃ… វាជារឿងមិនគួរឱ្យជឿ។
កាលពីខែកក្កដា ហ្វូស៊ីលដាយណូស័រ Stegosaurus ត្រូវបានគេជីករកឃើញនៅរដ្ឋ Colorado មានតម្លៃដល់ទៅ ៤៤.៦លានដុល្លារនៅឯការដេញថ្លៃ Sotheby’s៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា