វេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព
(ភ្នំពេញ)៖ ឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទានៃក្រសួងអតីតយុទ្ធជន និងយុវនិតសម្បទា បានថ្លែង គូសបញ្ជាក់ នៅក្នុងវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៤ថា វេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។ សុខុមាលភាព និងឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន តួយ៉ាង ជនមានពិការភាពក៏ត្រូវបានផ្តល់ឱកាសចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជន (ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ) ។
ឯកឧត្តម បានថ្លែងគូសបញ្ជាក់ទៀតវេទិកានេះ ជួយផ្តល់ឱកាសដល់យុវជនមានពិការភាពជួបដោយផ្ទាល់ជាមួយនិយោជកចែករំលែកព័ត៌មាន អំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ពីការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការនាពេលខាងមុខ។ វេទិកាក៏ជាកន្លែងដែលនិយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព។
វេទិការជាតិនេះ ត្រូវបានរៀបចំឡើងជាយន្តការជាតិស្របតាមសេចក្តីសម្រេចរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ គិតចាប់ពីឆ្នាំ ២០១៩ មក យើងបានរៀបចំវេទិកាថ្នាក់ជាតិចំនួន ៤ លើករួចមកហើយ ហើយលើកនេះជាលើកទី៥។ ដូចនេះហើយយើងត្រូវរួមគ្នាបន្តពង្រឹងស្មារតីនៃវេទិកាទាំងថ្នាក់ជាតិ និងគាំទ្រដល់វេទិកាថ្នាក់ក្រោមជាតិ ដើម្បីវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពនឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ និងឱកាសសេដ្ឋកិច្ចសម្រាប់ជនពិការ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការរៀបចំវេទិកានេះ ពិតជាមានសារៈសំខាន់ក្នុងការធ្វើវិនិយោគលើជនមានពិការភាព សំដៅជំរុញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ ដែលបានផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពដែលមានសមត្ថភាពគ្រប់គ្រាន់មានសិទ្ធិស្មើភាព ក្នុងការចូលរួមប្រកួតប្រជែងដើម្បីទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងឱកាសសម្រាប់ជនមានពិការភាពក្នុងក្របខ័ណ្ឌការងារ និងមុខរបរ។ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព យើងត្រូវរួមគ្នាផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច ដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។ សកម្មភាពទាំងនេះនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពរបស់ជនមានពិការភាពទៅកាន់ទីផ្សារការងារ មុខរបរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបើកចំហប្រកបដោយបរិយាបន្ន។
សួមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះ មន្ត្រីរាជការជាស្រ្តីពិការមានចំនួន ៨៨២នាក់ គិតជាភាគរយស្មើ ២.០៤% កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែកស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេ សចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួន ៥,៦៨៤នាក់ ក្នុងនោះស្រ្តីមានពិការភាព ៣,៥៧៨នាក់ (គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤)៕
ថតដោ ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ