ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3)
(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាយល់ច្បាស់អំពីភាពចាំបាច់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជារួមចំណែកតិចតួចក្នុងបុព្វហេតុដែលបណ្តាលឱ្យមានវិបត្តិអាកាសធាតុ តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះដោយដាក់ចេញនូវសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាដោយសារមានការគាំទ្រពីដៃគូដ៏រឹងមាំពី សហភាពអឺរ៉ុប ប្រទេសស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ UNDP តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA3 បានដើរតួនាទីដ៏សំខាន់ ជាអ្នកសម្របសម្រួលតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើការងារប្រែប្រួលអាកាសធាតុ និងចេញជាសមិទ្ធផលផ្លែផ្កា ជាច្រើន។
សូមជំរាបជូនថា ក្នុងកិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖
(១)បានពិភាក្សាអំពីវឌ្ឍនភាពការងាររយៈពេល ៥ឆ្នាំ របស់កម្មវិធី CCCA3 រួមមាន ការរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ; ផែនការបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC); យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន LTS4CN; ផែនការយុទ្ធសាស្ដឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ដំណាក់កាលទី២ ២០២៤-២០៣៣; ការអនុវត្តគម្រោងចំនួន២២ និងការបណ្តុះបណ្តាល សម្របសម្រួល និងលើកកម្ពស់ចំណេះដឹងស្តីការប្រែប្រួលអាកាសធាតុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម ។
(២) បានឯកភាពលើផែនការសម្មភាព និងផែនការថវិការរបស់កម្មវិធី (២០១៩-២០២៤) ។
(៣) ក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងដៃគូទទួលស្គាល់ថា CCCA មានលក្ខណៈពិសេស និងមានសារៈសំខាន់ក្នុងកម្រិតគោលនយោបាយប្រែប្រួលអាកាសធាតុ ហើយការរៀបចំ CCCA4 ដើម្បីបន្តនិរន្តរភាពការងារក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុជាការចំបាច់ ។
(៤) បានឯកភាពរៀបចំក្រុមការងារ ក្រោមគាំទ្រពី UNDP ក្នុងការរៀបចំផែនការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC 3.0) និងចាត់ទុកជាសកម្មភាពដើម្បីផ្សារភ្ជាប់ជាមួយ CCCA4 នាពេលខាងមុខ ។
និង(៥) អនុម័តលើការការផ្ទេរទ្រព្យសកម្មទៅដល់ក្រសួងបរិស្ថាន៕
ដោយ ៖ ម៉ាដេប៉ូ