អូទ្រីសបញ្ចេញម៉ាស៊ីនឡានចាក់ទឹកលើកដំបូងក្នុងលោក
បរទេស៖ មិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតទេ ក្រុមហ៊ុន AVL RACETECH មានមូលដ្ឋាន នៅប្រទេសអូទ្រីស បានបញ្ចេញ «ម៉ាស៊ីនរថយន្តឬម៉ូតូ» ចាក់ទឹក ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ខណៈដែលគេចាត់ទុកថា ជាការវិវឌ្ឍន៍ថ្មីមួយទៀត បន្ទាប់ពីឡានអគ្គិសនី ឬ EV នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Riazor កាលពីដើមសប្តាហ៍។
ប្រភពបានចេញផ្សាយថា ក្រុមហ៊ុន AVL RACETECH បានបង្កើតម៉ាស៊ីនអ៊ីដ្រូសែនទឹក ឬ «ម៉ាស៊ីនទឹក» ដែលអាចផ្តល់កម្លាំងដល់ទៅ ៤០០សេះ និង កម្លាំងវិលជុំ ៦,៥០០ RPM ជាមួយនឹង បច្ចេកវិទ្យាខ្ពស់ ហើយអាថ៌កំបាំង នៃបច្ចេកវិទ្យានេះ គឺជារបៀបដែលអ៊ីដ្រូសែនត្រូវបានដុត ដើម្បីដំណើរការ។ ម៉ាស៊ីនអ៊ីដ្រូសែនទឹក កាត់បន្ថយការបំភាយឧស្ម័ន និងការសម្រេចបាននូវថាមពល កម្លាំងបង្វិលជុំ និងប្រសិទ្ធភាព ដូចប្រេង សម្រាប់ម៉ាស៊ីន សាំងធម្មតា។
ប្រភពបន្ថែមទៀតថា លក្ខណៈពិសេស គឺម៉ាស៊ីនចាក់ទឹកគ្រប់គ្រងការចំហេះ ជាមួយនឹងហានិភ័យទាបនៃការឆាបឆេះ បន្ថយការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្រុមហ៊ុនបានអះអាងថា ម៉ាស៊ីនចំហេះអ៊ីដ្រូសែន នឹងប្រើទាំងសម្រាប់រថយន្តពាណិជ្ជកម្ម, រថយន្តស្ព័រ និងការដឹកជញ្ជូនធ្ងន់ៗ ផងដែរ។
យ៉ាងណាមិញ ប្រភពអះអាងថា វិស្វករត្រូវប្រឈមនឹងបញ្ហាជាក់ស្តែង ជាច្រើនទៀត ជុំវិញការផលិតម៉ាស៊ីនចាក់ទឹកនេះ សំដៅលើការផ្ទុក, ការគ្រប់គ្រងឧស្ម័នអ៊ីដ្រូសែន និងតម្រូវការផ្សេងទៀត ដូចជា ប្រព័ន្ធធ្វើឲ្យមានស្ថេរភាពម៉ាស៊ីន នៅកម្រិតដំណើរការខ្ពស់ , ការដំឡើងប្រព័ន្ធចាក់ទឹក , គ្រឿងបរិក្ខារផ្សេងៗ រួមទាំងស្ថានីយ៍ចាក់អ៊ីដ្រូសែនទឹក ជាដើម ទាមទារឲ្យក្រុមហ៊ុន AVL RACETECH ត្រូវស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមទាំងនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត