ប្រធានរដ្ឋសភាតួកគី ចាត់ទុកសម្តេចតេជោ ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាតួកគី ចាត់ទុកទស្សនកិច្ចរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ។ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី មានប្រសាសន័ដូច្នេះក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម ប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឲសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅតួកគី។ ឯកឧត្តម បានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងកាទូត ។
ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថា មានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ហើយ តួកគី នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀត ជាមួយកម្ពុជា។ តួកគី បានបើកមជ្ឈមណ្ឌលវប្បធម៌ នៅទីក្រុងភ្នំពេញ ដោយសហការជាមួយទីភ្នាក់ងារ ជំនួយអភិវឌ្ឍន៍តួកគី (TIKA) និងបានចុះហត្ថលេខា ខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥នាក់កំពុងសិក្សានៅតួកគី ហើយសង្ឃឹមថា នឹងមានច្រើនទៀត នៅពេលអនាគត ។
ឯកឧត្តម បានបន្ថែមថា កម្ពុជា មានសក្តានុពលធំធេង ខាងវិស័យពាណិជ្ជកម្ម ប៉ុន្តែទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ សម្រេចបាន ប្រមាណ ៣៥០លានដុល្លារ នៅឆ្នាំ២០២៤ លើផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់សម្តេចតេជោ នាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មាន សន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
សម្តេចតេជោ មានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្តេចនាពេលនេះ ចំពេលនៃខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពីតួកគី និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក ។
សម្តេចតេជោ បានអរគុណឯកឧត្តមប្រធានសភា ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំរបស់សម្តេច។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេច នឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជា បន្តរក្សាបាន នូវសន្តិភាព និងស្ថិរភាពយូរអង្វែង។ សម្តេចតេជោ បានអរគុណតួកគី ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួម មហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ ។
សម្តេចតេជោ បញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគី ឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន ១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក ។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និង កិច្ចប្រឹងប្រែងរួមរបស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាព លើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។
សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសនានា ក្នុងសកលលោក។
សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគី ជាអ្នកសម្របសម្រួល នៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច បញ្ជាក់ថា មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា។ ភាគីទាំងពីរ បានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចបានលើកទឹកចិត្តឱ្យតួកគី សម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយ បណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគី ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគី មកបំពេញទស្សនកិច្ច នៅកម្ពុជា នាពេលខាងមុខ ។
ឯកឧត្តមប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់សម្តេចតេជោ និង សូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ច នៅកម្ពុជា ។
បន្ទាប់ពីជំនួប ឯកឧត្តមប្រធានរដ្ឋសភា បានអញ្ជើញសម្តេចតេជោ និងគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាតួកគី ហើយ អង្គសភាតួកគី បានស្វាគមន៍សម្តេចយ៉ាងកក់ក្តៅបំផុត ៕
ដោយ ៖ វណ្ណលុក