អូស្ត្រាលីចេញច្បាប់បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចាយលុយលើមាតិកាព័ត៌មាន
កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Meta និង Google ចាយលុយលើព័ត៌មាន ដែលបានចែករំលែកនៅលើវេទិការបស់ពួកគេ។
រដ្ឋមន្ត្រីសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលី លោក ស្ទេហ្វិន ចូនស៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ចំពោះមាតិកាព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ។
លោក ចូនស៍ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលតម្រូវឲ្យបង់ប្រាក់ គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ និងម៉ាស៊ីនស្វែងរកមានមូលដ្ឋាននៅអូស្ត្រាលី ដែលមានប្រាក់ចំណូលលើសពី ២៥០លានដុល្លារ។
ច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា បានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ឱ្យបង់ប្រាក់ដល់អ្នកបោះពុម្ពផ្សាយសម្រាប់មាតិកាព័ត៌មាន បើមិនដូច្នេះទេ ពួកគេនឹងប្រឈមហានិភ័យនៃការបង់ប្រាក់ពិន័យរាប់លានដុល្លារ ដើម្បីបន្តប្រតិបត្តិការនៅអូស្ត្រាលី។
ក្នុងឆ្នាំ២០២១ អូស្ត្រាលីក៏ធ្លាប់បានអនុម័តច្បាប់ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មានដូចជា Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សម្រាប់តំណភ្ជាប់ ដែលទាញយកអ្នកអាន និងការផ្សាយពាណិជ្ជកម្ម ទៅកាន់វេទិការបស់ពួកគេផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា