យូអិន ៖ មីយ៉ាន់ម៉ាជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក
ណៃពិដោ ៖ ការផលិតអាភៀននៅមីយ៉ាន់ម៉ា បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ប៉ុន្តែមីយ៉ាន់ម៉ានៅតែជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់របបយោធាមីយ៉ាន់ម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីខែមិថុនាថា អាជ្ញាធរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ ក្នុងការទប់ស្កាត់ការដាំដុះអាភៀន។
តួយ៉ាង ក្នុងឆ្នាំ២០២៤នេះ មីយ៉ានម៉ាផលិតអាភៀនបានចំនួន ៩៩៥តោន នេះបើយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ (UNODC)។
ចំណែកកាលពីឆ្នាំមុន មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយប្រមូលផលគ្រឿងញៀនបាន ១,០៨០តោន ពោលគឺច្រើនជាងទ្វេដង បើធៀបនឹងអាហ្វហ្គានីស្ថាន។
រដ្ឋប្រហារបានបង្កឱ្យមានភាពចលាចលក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សជាងបីលាននាក់ផ្លាស់ទីលំនៅ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
លើសពីនេះ សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានធ្លាក់ចុះចាប់តាំងពីមានរដ្ឋប្រហារផងដែរ ដោយធនាគារពិភពលោក (WB) ក្នុងសប្តាហ៍នេះបានព្យាករណ៍ថា នឹងធ្លាក់ចុះមួយភាគរយក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា