បរិមាណត្រីប្រហុក ក្នុងឆ្នាំ២០២៤ មានការកើនឡើង ស្របនឹងតម្លៃត្រីក៏ទាបជាងរាល់ឆ្នាំ ប៉ុន្តែអ្នកមកធ្វើត្រីប្រហុកមានចំនួនតិចនៅឡើយ

(ភ្នំពេញ)៖ តម្លៃត្រីសម្រាប់ធ្វើប្រហុក ផ្អក ក្នុងរដូវត្រីត្រូវលើកទី១ ក្នុងឆ្នាំ២០២៤ ត្រូវគេបញ្ជាក់ថា មានតម្លៃទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែមិនទាន់មានពលរដ្ឋអ្នកស្រែចម្កានាំគ្នាមកធ្វើច្រើននៅឡើយ ទន្ទឹមនឹងរដូវត្រីចុះជាលើកដំបូង បានដល់ថ្ងៃបញ្ចប់ទៅហើយ ។

យោងតាមរដ្ឋបាលជលផល រដូវត្រីប្រហុក ផ្អក នៅឆ្នាំ២០២៤ បានកំពុងចូលមកដល់លើកទី១ ចាប់ពីថ្ងៃសទី៨ ដល់ថ្ងៃទី១៣ ធ្នូ នេះ ។ រដ្ឋបាលជលផល នៅទន្ទឹមគ្នានោះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ត្រូវរួសរាន់មកធ្វើឲ្យបានគ្រប់ៗគ្នា ។ ត្រីប្រហុកក្នុងឆ្នាំ២០២៤នេះ បើទោះជាមានទំហំតូចជាងឆ្នាំមុនបន្តិចក៏ដោយ ប៉ុន្តែចំនួនត្រីមានការកើនឡើង និងតម្លៃធូថ្លៃជាឆ្នាំកន្លងទៅ ។

ទោះយ៉ាងណាក៏ដោយ ការប្រមូលផលត្រីប្រហុកលើកទី១ នៃឆ្នាំ២០២៤នេះ ត្រូវបានម្ចាស់ដាយត្រីមួយចំនួនបាន ត្អូញត្អែរថា ឆ្នាំនេះពលរដ្ឋជាអ្នកស្រុកស្រែចម្កាដែលធ្លាប់មកធ្វើត្រីប្រហុកនៅមានចំនួនតិចនៅឡើយ ។ ជាធម្មតារដូវកាលនៃត្រីប្រហុក ត្រូវគេកត់សម្គាល់ថា មាន២ដងក្នុង១ឆ្នាំ ដោយលើក១ តែងមកដល់នៅដើមខ្នើតនៃខែបុស្ស ។ ដោយឡែកឆ្នាំនេះ ត្រីត្រូវលើកទី១ បែជានៅចុងខ្នើតនៃខែមិគសិរនេះទៅវិញ ពោលគឺមកលឿនជាងធម្មតាជិត ១ខែ ។ ហេតុផលទាំងនេះហើយ ទើបត្រូវគេសន្និដ្ឋានថា គឺជាមូលហេតុដែលនាំឲ្យត្រីប្រហុកនៅឆ្នាំនេះ មានទំហំតូចជាងរាល់ឆ្នាំ ។

អ្នកស្រី ចាន់ ភាព ជាម្ចាស់ដាយត្រី ២C ក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានថ្លែងអំពាវនាវឲ្យពលរដ្ឋដែលមានទម្លាប់ធ្វើប្រហុកសូមនាំគ្នាមកធ្វើឲ្យបានច្រើននៅខ្នើតខែបុស្ស ដែលជាកាលវេលានៃរដូវត្រីត្រូវជាលើកទី២ នៃឆ្នាំនេះ ឲ្យបានគ្រប់ៗគ្នា ។

ប្រហុក ផ្អក គឺជាអាហារប្រចាំថ្ងៃ ដែលពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារ តម្រូវឲ្យមានប្រចាំផ្ទះបាយរបស់ពួកគេមិនឲ្យអត់ឡើយ ។ តាំងពីបុរមបូរាណមក ពលរដ្ឋខ្មែរបានបរិភោគប្រហុក សឹងតែគ្រប់មុខម្ហូបខ្មែរទាំងអស់ គេបានប្រើប្រាស់ប្រហុកធ្វើជាគ្រឿងផ្សំដើម្បីបង្កើនរសជាតិអាហារ ។ ប្រហុក បានក្លាយជាអាហារវប្បធម៌ នៃជនខ្មែរ ដែលទទួលស្គាល់ដោយប្រជាជននៅទូទាំងពិភពលោក ។

ពលរដ្ឋខ្មែរនៅតាមទីជនបទស្រុកស្រែចម្កាដែលនៅឆ្ងាយពីទន្លេ តាំងពីអតីតកាលឲ្យតែរដូវច្រូតកាត់រួចរាល់ និងរដូវធ្វើប្រហុកមកដល់ ត្រូវគេចងចាំថា គឺតែងឃើញនាំគ្នាជាក្រុមបានបរបរទេសគោ ទៅធ្វើត្រីប្រហុកនៅទន្លេជារៀងរាល់ឆ្នាំគ្រប់ៗក្រុមគ្រួសារមិនដែលអាក់ខានឡើយ ។

យោងតាមមន្ត្រីជលផល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បរិមាណទិន្នផលត្រីប្រហុកក្នុងឆ្នាំនេះ មានសន្ទុះកើនឡើងច្រើនជាងឆ្នាំកន្លងទៅ ដោយសារសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានទូលំទូលាយពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ព្រមទាំងក៏ដោយសារមានការចូលរួមសហការផ្តល់ព័ត៌ មាន និងការចូលរួមអភិរក្សពីប្រជាពលរដ្ឋបាលល្អ ។ រាល់សកម្មភាពទាំងនោះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋមានប្រហុកសម្រាប់ទុកបរិភោគប្រចាំឆ្នាំគ្រប់គ្រាន់ និងសំដៅឲ្យមានភាពល្អប្រសើរនៃសន្តិសុខស្បៀង ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៃរាជរដ្ឋាភិបាលអាណតិ្តទី៧នេះ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner