សិក្ខាសាលាអន្តរជាតិស្តីពី «ភាពធន់សហគមន៍» រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយជោគជ័យ

(ចិន)៖ សិក្ខាសាលាអន្តរជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៤ រៀបចំកាកបាទក្រហមចិន ដែលប្រព្រឹត្តទៅនៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ដោយទទួលបានធាតុចូលសំខាន់ៗ មេរៀននិងបទពិសោធន៍ជាច្រើនក្នុងការកសាងនិងពង្រឹងភាពធន់សហគមន៍ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងនគរូបនីយកម្ម។

ពិធីបើកសិក្ខាសាលាក្រោមវត្តមាន លោក He Wei ប្រធានកាកបាទក្រហមចិន និងពិធីបិទក្រោមវត្តមានលោក Sun Shuopeng និងលោក Liang Yu អនុប្រធានកាកបាទក្រហមចិន។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Olga Dzhumaeva ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំតំបន់អាស៊ីខាងកើត, លោក Boris Kelečević អនុប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី. ប្រចាំតំបន់អាស៊ីខាងកើត, ប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៤រូប ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, សមាគមជាតិចំនួន៧ នៃតំបន់អាស៊ីខាងកើត, ព្រមទាំងសាខាកាកបាទក្រហមចិន សរុបចំនួន ១២៨នាក់។

ជាលទ្ធផលក្នុងរយៈពេល២ថ្ងៃនេះ អង្គសិក្ខាសាលាបានរៀបចំសម័យប្រជុំពេញអង្គចំនួន២ គឺ (ទី១) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២) ស្តីពី «ការកសាងភាពធន់សហគមន៍ក្រោមបរិបទនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៤ ក្នុងនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឡើងធ្វើបទអន្តរាគមន៍ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងទីក្រុង»។

ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏មានវេទិកាពិភាក្សាតុមូលចំនួន២ទៀត គឺ (ទី១) ស្តីពី «ការពង្រឹងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុ» ដែលមានបទអន្តរាគមន៍ចំនួន៥ និង(ទី២) ស្តីពី «ការកសាងភាពធន់សហគមន៍ក្នុងដំណើរការនគរូបនីយកម្ម» ដែលមានបទអន្តរាគមន៍ចំនួន៥ ផងដែរ។

លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា «តាមរយៈបទអន្តរាគមន៍នានាពីបណ្តាសមាគមជាតិផ្សេងៗ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាគមជាតិនីមួយៗក្នុងការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងផ្នែកនគរូបនីយកម្ម។»

លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះ គឺបានចែករំលែកពីបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមកជុំវិញបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ ការអនុវត្តគម្រោងភាពធន់សហគមន៍ទាំងអស់នេះ គឺចាំបាច់ត្រូវផ្តោតលើកម្លាំងនៅមូលដ្ឋានដ៏រឹងមាំ ជាពិសេសគឺភាពជាអ្នកដឹកនាំរបស់មូលដ្ឋាន ដូចពាក្យស្លោកថា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ក៏ដូចជាការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner