នូវែលសេឡង់រំពឹងកើបលុយ ១.២ពាន់លានដុល្លារ ពីការនាំចេញអាហារសមុទ្រនៅឆ្នាំ២០២៥
វែលលីងតុន ៖ ការនាំចេញអាហារសមុទ្ររបស់នូវែលសេឡង់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ១.២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ហើយបន្តហក់ឡើងដល់ជាង ១.៣ពាន់លានដុល្លារនៅឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីមហាសមុទ្រ និងនេសាទនូវែលសេឡង់ Shane Jones កាលពីថ្ងៃព្រហស្បតិ៍។
លោក Jones បាននិយាយថា ទស្សនវិស័យនាពេលអនាគត សម្រាប់ការនាំចេញអាហារសមុទ្ររបស់នូវែលហ្សេឡង់មានភាពរឹងមាំ។ លោកបន្តថា ការខិតខំប្រឹងប្រែងរបស់វិស័យនេះ, តម្រូវការខ្ពស់, ការផ្គត់ផ្គង់សកលរឹងមាំ និងតម្លៃនាំចេញខ្ពស់ កំពុងជួយជំរុញការនាំចេញ និងផ្តល់ផលប្រយោជន៍ត្រឡប់មកវិញដល់កសិករចិញ្ចឹមត្រី អ្នកនេសាទ និងអ្នកកែច្នៃ។
លោក Jones បន្ថែមថា វិស័យអាហារសមុទ្របានដោះស្រាយបញ្ហាប្រឈមជាច្រើន រួមទាំងបញ្ហាអាកាសធាតុ និងភូមិសាស្ត្រនយោបាយ ដែលបានជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើង ជាពិសេសអត្រាការប្រាក់ទាបដោយសារតែអតិផរណាបានធូរស្រាល ក៏បានជួយកាត់បន្ថយថ្លៃសេវាបំណុល ហើយថ្លៃដឹកជញ្ជូនសកលក៏បានធូរស្រាលផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក៏បានពន្យារពេល និងបន្ធូរបន្ថយលក្ខខណ្ឌតឹងរឹងដល់កសិដ្ឋានសមុទ្រដែលមានស្រាប់ក្នុងរយៈពេល ២០ឆ្នាំ, កាត់បន្ថយពន្ធលើការនេសាទ, បង្កើតយុទ្ធសាស្រ្តវារីវប្បកម្មសំដៅបង្កើនប្រាក់ចំណូលពីការលក់បីដងដល់ជាង ១.៧ពាន់លានដុល្លារនៅឆ្នាំ២០៣៥ និងធ្វើកំណែទម្រង់វិស័យជលផល។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងដករបាំងប្រចាំឆ្នាំលើចំនួននាវិកនេសាទបរទេសផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា