វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​អាណត្តិ​ទី៤នៅស្រុកក្រឡាញ់

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី២ នៅបរិវេណវត្តបូរណ៌ខ្នាតេជោ ស្ថិតក្នុងឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីថ្ងៃទី១២ ខែធ្នូក្រោមវត្តមាន​ឯក​ឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត​តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ ឯកឧត្តម លី សំរិទ្ធ បានប្រាប់ វេទិកានេះផ្តោតលើការផ្តល់ឱកាសដល់​ប្រជាពលរដ្ឋ​ក្នុងការទាក់ទងផ្ទាល់ជាមួយរដ្ឋបាលខេត្ត ស្រុក និងឃុំ ដើម្បីចែក​រំលែកបទពិសោធន៍ និងដោះស្រាយ​បញ្ហា​ប្រឈមជាក់ស្តែង។ វាជាវិធីសាស្រ្តដ៏សំខាន់សម្រាប់ការផ្តល់ប្រឹក្សាអំពីអាទិភាពក្នុងការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ក្នុងអំឡុងនៃវេទិកាអ្នកសម្របសម្រួលបានឆ្លើយតបនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋជាក់ស្ដែង។ លោក លី សារី អភិបាលរងខេត្ត បានសរសើរដល់ពលរដ្ឋក្នុងស្រុកក្រឡាញ់​ដែលបានបង្ហាញជំនឿទុកចិត្តលើរដ្ឋបាល​តាមរយៈការលើក​ឡើង​សំណើយ៉ាងច្បាស់លាស់។

សូមជម្រាបថា វេទិកានេះមានការដាក់សំណួរដោយផ្ទាល់ចំនួន១២ និងជាលាយលក្ខណ៍អក្សរចំនួន២ទាក់ទងនឹងវិវាទដីធ្លី ,​បញ្ហាប្រាក់​ឈ្នួលពលកម្ម ការធ្វើប្រព័ន្ធធារាសាស្រ្ត ការផ្សព្វផ្សាយទឹកស្អាត ការធ្វើផ្លូវ និងការស្នើសុំដីសម្រាប់​ប្រើប្រាស់​ក្នុងសហគមន៍។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តបានផ្តាំផ្ញើដល់ថ្នាក់ដឹក​នាំរដ្ឋបាលថ្នាក់ក្រោម ត្រូវបន្តខិតខំបន្ថែមទៀត​ក្នុងការ​ដោះ​ស្រាយបញ្ហាប្រឈម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យបានឆាប់រហ័ស៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner