ក្រុមហ៊ុន ជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ ជាង ៥០ បង្ហាញបំណង​វិនិយោគ​លើវិស័យសក្ដានុពលនៅកម្ពុជា

(ភ្នំពេញ)៖ ក្រុមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធ​ឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដា​នុពលនៅ​កម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោក Marn-Ki Jeong ប្រធានវេទិ​កា​សម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ) ។

លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយ​ដែល​បានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់​ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈ​ប្រតិភូ​ធុរកិច្ច​កូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណង​ស្វែង​យល់​ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែល​លោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលេីកដំបូង។

លោកប្រធានបានបន្ថែមទៀតថា បណ្ដាក្រុមហ៊ុនដែលមកបំពេញ​បេសកកម្ម​នៅ​កម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិ​យោគ​លើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធ​ពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។

សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការ​សាង​សង់​អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។

ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាងមូល​ធន​មនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្ត​ទុកដាក់​លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារ​ក្នុងស្រុក និងក្រៅប្រទេស។

សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយ និងយន្តការលើក​ទឹកចិត្ត​នានា​របស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគ​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបវរធិបតីបាន​សង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។

សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់​កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner