ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងធ្វើឌីជីថលភាវូបនីយកម្មរបៀបរស់នៅ និងការផ្ដល់សេវាកម្មសម្រាប់ប្រជាជន ដើម្បីផ្ដល់ឱ្យកម្ពុជានូវបរិយាកាសសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត
(ភ្នំពេញ)៖ បច្ចុប្បន្នយើងកំពុងធ្វើឌីជីថលភាវូបនីយកម្មរបៀបរស់នៅ និងក្នុងការផ្តល់សេវាកម្មសម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងឌីជីថលភាវូបនីយកម្មនៃការងាររបស់យើង នឹងអាចបង្កើនផលិតភាពរបស់យើង សម្រួលប្រតិបត្តិការរបស់យើង កាត់បន្ថយថ្លៃដើមប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងបង្កើនសុវត្ថិភាព ដែលនេះពិតជានឹងផ្តល់ឱ្យសង្គមកម្ពុជានូវបរិយាកាសសន្តិសុខនយោបាយ និងសន្តិសុខសេដ្ឋកិច្ចបន្ថែមទៀត។

នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីអបអរសាទរកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្ដូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ( ខេមបូឌា) ខូអិលធីឌី ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីការងារជាយុទ្ធសាស្រ្តអាទិភាពមួយចំនួនរបស់ក្រសួងក្នុងនោះមានការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរស់នៅនិងប្រកបអាជីវកម្មផ្សេងៗតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ បច្ចុប្បន្នករណីវិវាទដីធ្លីត្រូវបានដោះស្រាយអស់ជាច្រើនករណីនិងបានធ្លាក់ចុះមកនៅសល់ត្រឹមក្រោម ១០០០ ករណីប៉ុណ្ណោះដែលជាករណីមិនមានភាពរសើបផ្នែកនយោបាយឬភាពរសើបដែលបណ្ដាលឱ្យមានអសន្តិសុខផ្នែកសេដ្ឋកិច្ចនោះទេ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្រែក្លាយរាល់សេវាទាំងអស់របស់ក្រសួងដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋប្រមាណ ៥០០មុខ ឱ្យទៅជាសេវាដែលប្រើប្រាស់តាមរយៈប្រព័ន្ធ ឌីជីថល (digital)ទាំងអស់ ទាំងផ្នែកសុរិយោដី ផ្នែកសំណង់ និងផ្នែកផ្សេងៗជាច្រើនទៀត ដែលសេវាទាំងនេះហៅថាសេវាគាប់ចិត្តសម្រាប់ប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់តាមប្រព័ន្ធអនឡាញ ។

ចំពោះទន្លេសាប យើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាមរតកនេះទុកសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋបន្តជំនាន់, ដោះស្រាយបញ្ហាទិញដីនិងផ្ទះក្នុងបុរីសម្រាប់ប្រជាពលរដ្ឋ និងត្រូវអនុវត្តគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌនៅខេត្តសៀមរាប ដែលយុទ្ធសាស្ត្រទាំងនេះជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅបញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិនិងចង់ឱ្យប្រជាពលរដ្ឋគ្រប់រូបមានទ្រនំសុភមង្គល មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើមានប្រាក់ចំណូលសមរម្យ ទទួលបានការសិក្សាអប់រំគ្រប់ៗគ្នានិងរស់នៅប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ទុកសន្តិភាពថា ជាអង្គរទី២ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់មរតកនេះមកដល់ប្រជាពលរដ្ឋ ដូច្នេះសម្រាប់យើងទាំងអស់គ្នាពីពេលនេះតទៅមុខក្នុងសហសម័យកម្ពុជា យើងត្រូវរិះរកវិធីសាស្រ្តបន្តរៀបចំទីក្រុង ផ្ទះសំបែងនិងស្រុកទេសរបស់យើងឱ្យបានល្អដើម្បីធានាដល់ការរស់នៅនិងភាពរីកចម្រើនរបស់ប្រជាពលរដ្ឋនិងប្រទេសជាតិបន្តទៀត ៕






ដោយ ៖ គ្រី សម្បត្តិ