មេបញ្ជាការខេត្តកំពង់ធំអញ្ជើញសួរសុខទុកកងកម្លាំងចម្រុះការពារធនធានធម្មជាតិនៅដែនជម្រកសត្វព្រែបឹងពែរ

កំពង់ធំ៖ដោយមិនធ្វេសប្រហែសនិងយកចិត្តទុកដាក់ចំពោះកង​កម្លាំង​ចម្រុះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ ខេត្ត​កំពង់ធំ​កាលពីថ្ងៃទី១២ ខែធ្នូ បានអញ្ជើញ​សាកសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុង​បំពេញ​ភារកិច្ច​ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទី​បញ្ជាការស្រាលតំបន់ជាំក្របី ស្ថិតនៅក្នុងដែនជម្រក សត្វព្រៃបឹងពែរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

នៅទីជម្រកសមរម្យមួយទោះជានៅឆ្ងាយពីទីប្រជុំជន​លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរៈបរិស្ថាន និងជាប្រធានទីបញ្ជាការ​ស្រាលតំបន់ជាំក្របី បានជម្រាបអំពីស្ថានភាពរួមនៃការរស់នៅ និងការបំពេញភារកិច្ច​របស់កង​កម្លាំងទាំងអស់នៅទី​បញ្ជាការស្រាល ដែលអនុវត្តយ៉ាង​ម៉ឹងម៉ាត់តាមបទបញ្ជារបស់​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់​កងកម្លាំងចម្រុះ ដែលសហការគ្នាល្អក្នុងការបំពេញ​ភារកិច្ចក្នុង​រយៈពេលជាង៧​ខែកន្លងមកនេះ ទទួលបានជោគជ័យ ពោលមិន​មានការលួច​កាប់ទន្ទ្រានព្រៃឈើ​យកដី​រដ្ឋធ្វើជា​កម្មសិទ្ធិជាថ្មី និងរក​ឃើញ​ផ្ទៃដីដែល​លួចកាប់បន្ទ្រានកន្លងមកជាង២ ៥០០ ហិកតា ដែលបច្ចុប្បន្ន​បានគ្រប់គ្រង និងស្រាវជ្រាវ​វែករកមុខជនសង្ស័យ ដើម្បីកសាងសំណុំ​រឿងបញ្ជូនទៅកាន់តុលាការ ។ចំណែកដីបានដាំស្ដារ​ព្រៃឈើឡើង​វិញជាង៥ម៉ឺនដើម។

ក្នុងឱកាសនេះក្រៅពីការសាកសួរសុខទុក្ខ ការលើកទឹកចិត្តឱ្យ​បំពេញភារកិច្ចកាន់តែល្អប្រសើរ​លោកមេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករង អំណោយមួយចំនួនដល់ទីបញ្ជា​ការ​ស្រាលតំបន់ជាំក្របី មាន ប្រេងសាំង អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ថ្នាំពេទ្យ និងថវិកា​មួយចំនួន ជាអំណោយដ៏ថ្លៃថ្លាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ព​ជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាល​ខេត្តកំពង់ធំ៕

អត្ថបទនិងរូបភាព៖ ប៊ុន រដ្ឋា

ads banner