កម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វើឡើងចំនួន០៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចសហការរួមគ្នាក្នុងការរៀបចំកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) បានកំណត់ប្រារព្ធធ្វើឡើងចំនួន០៤ថ្ងៃ នៅក្នុងខែមិនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ និងមានកត្តិយសក្នុងការផ្តួចផ្តើមកម្មវិធីនេះឡើងក្នុងគោលបំណងជំរុញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគៀងគរនូវវិនិយោគិនមកវិនិយោគក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្មកម្ពុជា។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំកម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលទាមទារឱ្យការរៀបចំកម្មវិធីត្រូវមានផែនការច្បាស់លាស់ មានការផ្សព្វផ្សាយទូលំទូលាយ មានអ្នកចូលរួមកុះករ មានទំនួលខុសត្រូវខ្ពស់ មានភាពរលូន និងទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាក្រសួងបើកចំហរ និងស្វាគមន៍នូវដៃគូនានាដែលមានបំណងចង់ចូលរួមគាំទ្រនូវកម្មវិធីខាងលើនេះ ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការគិតគូរសន្តិសុខស្បៀងក្នុងតំបន់ និងការបង្កើនចំនូលសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្ម៕
ប្រភព ៖ ក្រសួងកសិកម្ម