គណៈរដ្ឋមន្ត្រីថៃអនុម័តវិធានការបន្ធូរបន្ថយបំណុល

បាងកក៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការបន្ធូរបន្ថយបំណុលប្រជាពលរដ្ឋ រួមទាំង ការព្យួរការប្រាក់ និងកាត់បន្ថយការបង់ប្រាក់ដើម ដើម្បីជួយដោះស្រាយបំណុលគ្រួសារ ក្នុងនោះ ក៏មានលើកម្ចីទិញផ្ទះ និងឡាន ផងដែរ។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការនេះនឹងជួយដល់អ្នកខ្ចីលក់រាយ និងអាជីវកម្មខ្នាតតូច។ រដ្ឋាភិបាលបាននិយាយថា វិធានការនេះនឹងបន្ធូរបន្ថយសម្រាប់បំណុលដែលហួសកាលកំណត់មួយឆ្នាំ គ្របដណ្តប់លើប្រាក់កម្ចីទិញផ្ទះ រហូតដល់តម្លៃប្រមាណ១៤៨,០០០ដុល្លារ, ប្រាក់កម្ចីរថយន្ត មិនឲ្យលើសពី តម្លៃប្រមាណ២៣,៦៨០ដុល្លារ និងប្រាក់កម្ចីរបស់ក្រុមហ៊ុនតូចៗ រហូតដល់ តម្លៃប្រមាណ១៤៨,០០០ដុល្លារ នេះបើតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធ។ យ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃ ត្រូវលម្អិតបន្ថែមទៀត ជុំវិញកម្រិត នៃការបន្ធូរបន្ថយបំណុលនេះ។

រដ្ឋាភិបាលបាននិងកំពុងព្យាយាមបន្ធូរបន្ថយបន្ទុកបំណុលរបស់គ្រួសារ ដែលខ្លួនមើលឃើញថា ជាឧបសគ្គធំរារាំងដល់កំណើនសេដ្ឋកិច្ច។ បំណុលគ្រួសារពលរដ្ឋថៃសរុប មានចំនួន ៤៨២ពាន់លានដុល្លារ ដែលស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ី។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានប្រាប់ថា គណៈរដ្ឋមន្ត្រីក៏បានយល់ព្រមអនុញ្ញាតឱ្យ ធនាគារបន្ថយការបង់វិភាគទានប្រចាំឆ្នាំពី០.៤៦ មកចំនួន ០.២៣ភាគរយ នៃប្រាក់បញ្ញើរបស់ពួកគេ ទៅកាន់មូលនិធិអភិវឌ្ឍន៍ស្ថាប័នហិរញ្ញវត្ថុ ហៅកាត់ FIDFសម្រាប់រយៈពេលបីឆ្នាំ។ មន្ត្រីបាននិយាយថា ការកាត់បន្ថយវិភាគទាននេះ នឹងជួយធនាគារដើម្បីមានលទ្ធភាពសម្រួលដល់កូនបំណុល៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner