UN ៖ ស៊ីរី១,១លាននាក់ផ្លាស់ទីលំនៅថ្មី ក្រោយផ្តួល Assad
បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បាននិយាយថា មានជនភៀសខ្លួនថ្មី ចំនួន១,១លាននាក់ ក្នុងប្រទេសស៊ីរី ចាប់តាំងពីការវាយលុក ទម្លាក់លោក Bashar al-Assad ខ្ទាតចេញពីអំណាច។
ទីភ្នាក់ងារមនុស្សធម៌ របស់អង្គការសហប្រជាជាតិបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាងមួយលាននាក់ ភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានផ្លាស់ទីលំនៅថ្មី នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាមបើកការវាយលុកទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad ដែលបានរត់ភៀសខ្លួន ទៅសុំសិទ្ធិជ្រកកោន នៅប្រទេសរុស្ស៊ី។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមថ្ងៃទី ១២ ខែធ្នូ មនុស្ស ១.១លាននាក់ត្រូវបានផ្លាស់ទីលំនៅថ្មី នៅទូទាំងប្រទេសស៊ីរី ពោលគឺចាប់តាំងពីការចាប់ផ្តើម នៃការកើនឡើងអរិភាព នៅថ្ងៃទី ២៧ ខែវិច្ឆិកា ដោយ ភាគច្រើនជាស្ត្រី និងកុមារ»។
គួររម្លឹកថា កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោក Assad បានភៀសខ្លួន ចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារផ្លេកបន្ទោរ ដឹកនាំដោយក្រុមអ៊ីស្លាមនិយម HTS និង សម្ព័ន្ធមិត្តរបស់ខ្លួន ដែលបាននាំមកនូវការបញ្ចប់ដ៏អស្ចារ្យនៃការគ្រប់គ្រងដ៏ឃោរឃៅ រយៈពេល ៥ទសវត្សរ៍ នៃត្រកូល Assad។
លោក Abu Mohammed al-Jolani មេដឹកនាំឧទ្ទាមបានអំពាវនាវឲ្យប្រជាជនស៊ីរី ត្រឡប់ទៅកសាងប្រទេសស៊ីរី ជាថ្មីឡើងវិញ បន្ទាប់ពីលោក Assad ធ្លាក់ពីអំណាច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត