Elon Musk ក្លាយជាមនុស្សដំបូងក្នុងលោក មានទ្រព្យលើស៤០០ពាន់លានដុល្លារ
អាមេរិក៖ យោងតាមការប៉ាន់ប្រមាណពី Bloomberg News ទ្រព្យសម្បត្តិសុទ្ធរបស់លោកមហាសេដ្ឋី Elon Musk ឥឡូវនេះ បានកើនដល់៤៤០ពាន់លានដុល្លារហើយ ជាហេតុនាំឲ្យលោកក្លាយជាមនុស្សដំបូងគេ នៅលើពិភពលោក ដែលបានឈានដល់ចំណុចនេះ។
កាសែត Yahoo បានចេញផ្សាយ នៅថ្ងៃព្រសហ្បតិ៍នេះថា ទ្រព្យរបស់លោក Elon Musk បានកើនដល់ចំណុចកំពូលបែបនេះ ដោយសារតែតម្លៃភាគហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី និងក្រុមហ៊ុនរ៉ុក្កែត SpaceX បានកើនឡើងខ្លាំង ថ្មីៗនេះ។
Bloomberg បានរាយការណ៍ក្នុងសប្តាហ៍នេះថា ការលក់ភាគហ៊ុនឯកជនរបស់ SpaceX បានបង្កើនតម្លៃលើទីផ្សារ ដល់ប្រហែល ៣៥០ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាអាជីវកម្មឯកជន ដែលមានតម្លៃបំផុត នៅលើពិភពលោក។ លោក Musk ត្រូវបានគេដឹងថា ជាម្ចាស់ភាគហ៊ុន ៤២% នៃក្រុមហ៊ុនមួយនេះ។ រីឯ ភាគហ៊ុនឡានអគ្គិសនី Tesla បានហក់ឡើងដល់កម្រិតខ្ពស់ គួរឲ្យកត់សម្គាល់ កាលពីថ្ងៃពុធ នាំឲ្យទ្រព្យសម្បត្តិរបស់ Musk បានកើនឡើងដល់ ៤៤០ពាន់លានដុល្លារ នេះបើយោងតាម Bloomberg ។
ជាការកត់សម្គាល់ ទ្រព្យរបស់លោក Musk បានកើនឡើងយ៉ាងខ្លាំង ក្រោយពាក់ព័ន្ធនឹងការបោះឆ្នោត នៅអាមេរិក។ លោក Musk បានចំណាយពេលភាគច្រើន ក្នុងឆ្នាំបោះឆ្នោត២០២៤នេះ។ ឯកសាររបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធបង្ហាញថា លោកបានចំណាយជិតមួយភាគបួនក្នុងចំណោមប្រាក់១ពាន់លានដុល្លារ ដើម្បីជួយគាំទ្រ លោក Donald Trump ឱ្យកាន់តំណែង ជាប្រធានាធិបតីអាមេរិក ជាថ្មី៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត