ឯកឧត្តម ហេង សួរ ចុះសួរសុខទុក្ខកម្មករនិយោជិតនៅ​តាម​កន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍​សែន​ជ័យ

(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូន​កម្មករ​និយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និង​ការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូន​កម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាប​ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល​ផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិតខិតខំ​ប្រឹង​ប្រែងធ្វើការងារ ជាពិសេសគ្រួសារដែលមានសមាជិកជាយុវជន សូមជួយ​ជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់​ជូនការ​បណ្តុះ​បណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់​លាស់​ដើម្បី​អាចប្រកបការងារ និងរកប្រាក់ចំណូលជួយក្រុមគ្រួសារបន្ថែម​ផងដែរ​។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ​របស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធ​គាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ៕ 

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner