រាជរដ្ឋាភិបាល លើកទឹកចិត្ត និងជំរុញសកម្មភាព ក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។
សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថា ផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះ ជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារ ជូនដល់និស្សិត និងអ្នកស្វែងរកការងារ បានកាន់តែមានភាពងាយស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និងប្រកបដោយជំនាញពិតប្រាកដ ។
ព្រមជាមួយនឹងសមិទ្ធផល និងការវិវត្តខាងលើ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ច របស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបាន តាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុក ជាមួយនឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរយើងក៏ត្រូវពិនិត្យមើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ ១/ បច្ចេកវិទ្យា អ៊ិនធើណែត, ២/ E-Commerce ៣/ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង៤/ ការផ្សព្វផ្សាយព័ត៌មាន ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ