អាជ្ញាធរខេត្តព្រះវិហារ និងអង្គការដៃគូ រួមគ្នាកែលម្អសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយ ឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទាក់ទាញទេសចរណ៍
(ខេត្តព្រះវិហារ)៖ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ធឿន ក្រសាំង គឺជាសហគមន៍មួយ ដែលសំបូរបែបទៅដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ជាពិសេសសត្វត្រយងយក្សដែលជិតផុតពូជ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានស្ដារ និងកែលម្អផ្ទះសំណាក់នេះឡើងវិញ ក្រោមគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរខេត្តព្រះវិហារ និងដោយមានការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងថវិការបស់ក្រុមហ៊ុន សំវាសនា ខន់សឺវេនសិនស្ដេយ។
ការកែលម្អសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ មានដូចជា ផ្ទះស្នាក់សហគមន៍មានទទឹងប្រវែង ០៨ម៉ែត្រ និងបណ្តោយប្រវែង ៨,៨ ម៉ែត្រ ចំនួន៦ខ្នង ព្រមទាំងអគារសម្រាប់ទទួលភ្ញៀវ និងកន្លែងទទួលទានអាហារទទឹងប្រវែង ១០ម៉ែត្រ និងបណ្តោយប្រវែង ២០ម៉ែត្រ ចំនួន១ខ្នង។ សហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយកប្រតិបត្តិស្តីទីនៃអង្គការ WCS ប្រចាំកម្ពុជា លោក Robb Menzi បានថ្លែងថា នៅក្នុងរយៈពេល២៥ឆ្នាំ វត្តមានរបស់អង្គការ WCS នៅក្នុងប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ដែលមានបុគ្គលិករហូតដល់ ២៥០នាក់ ដែលធ្វើការលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេស គឺការសិក្សាស្រាវជ្រាវអភិរក្សសត្វត្រយងយក្ស នៅក្នុងខេត្តព្រះវិហារ ដែលជាសត្វតំណាងឱ្យប្រទេសកម្ពុជា ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសហគមន៍ អង្គការអភិរក្សសត្វព្រៃ WCS ក្រុមហ៊ុន សំវាសនា ខន់សឺវេសិនស្ដេយ អង្គការដៃគូ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំងនេះ សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេស គឺការស្តារ និងកែលម្អផ្ទះសំណាក់របស់សហគមន៍ “ត្មាតប៉ើយ” ដែលជាគំរូអគារស្នាក់នៅ សម្រាប់ភ្ញៀវទេសចរធម្មជាតិក្នុងស្រុក និងបរទេស ក្រោមការចាត់ចែង និងគ្រប់គ្រងដោយផ្ទាល់របស់ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ។
ឯកឧត្តម គីម រិទ្ធី បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងបំពេញការងារ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ នៅកម្ពុជាបន្តទៀត ដើម្បីអប់រំបរិស្ថាន ធម្មជាតិ ដល់ក្មេងជំនាន់ក្រោយ និងកិច្ចគាំពារបរិស្ថាន ការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ និងជួយបង្កើតទេសចរណ៍ធម្មជាតិ ជូនសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនក្នុងមូលដ្ឋាន ៕
ដោយ៖ឡុង សំបូរ