ពួកឧទ្ទាមលាតត្រដាងជំនួញគ្រឿងញៀនរបស់ Assad

បរទេស ៖ ក្រោយវាយយកការកាន់កាប់ប្រទេស ដោយជោគជ័យ ក្រុមឧទ្ទាមស៊ីរីបានលាតត្រដាងពីការជួញដូរគ្រឿងញៀន របស់រដ្ឋាភិបាល Assad ដោយពួកគេបានបង្ហាញឃ្លាំងស្តុកដ៏ធំមួយ នៅជាយក្រុងដាម៉ាស់។

ក្រុមបះបោរ HTS បានអះអាងថា ការដួលរលំយ៉ាងគំហុកនៃរបបស៊ីរី គ្រប់គ្រងដោយលោកប្រធានាធិបតី Bashar al-Assad បានបញ្ចេញពន្លឺ បំភ្លឺទៅក្នុងជ្រុងងងឹតជាច្រើននៃការដឹកនាំរបស់លោក រួមទាំង ការនាំចេញគ្រឿងញៀន ខ្នាតឧស្សាហ៍កម្មដ៏ធំ។ ពួកគេបានបង្ហាញមជ្ឈមណ្ឌលចែកចាយថ្នាំរំញោច ប្រភេទអាំហ្វេតាមីន ដែលបានជន់លិចទីផ្សារងងឹត នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយសហការជាមួយមេធំជួញដូរ ដូចជា Maher al-Assad និង Amer Khiti ជាដើម។

លោក Al-Shami ដែលជាយុទ្ធជនឧទ្ទាម HTS បាននិយាយថា «យើងបានរកឃើញស្តុកកញ្ចប់ថ្នាំគ្រាប់ខុសច្បាប់ Captagon ដែលគេត្រៀមរត់ពន្ធ ចេញពីប្រទេស»។

ក្រុមឧទ្ទាមបានប្តេជ្ញាថា នឹងបំផ្លាញគ្រៀនញៀនទាំងនេះ ហើយពួកថែមទាំងបានអនុញ្ញាតឱ្យអ្នកកាសែត AFP ចូលទៅក្នុងឃ្លាំងផ្ទុកគ្រឿងញៀនទាំងនេះ ទៀតផង។

គួររម្លឹកថា កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន លោក Assad បានភៀសខ្លួន ចេញពីប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារដូចផ្លេកបន្ទោរ ពីក្រុមឧទ្ទាមដែលបាននាំមកនូវការបញ្ចប់នូវអ្វីដែលពួកគេ និងពលរដ្ឋស៊ីរី ហៅថា «ការគ្រប់គ្រងដ៏ឃោរឃៅ រយៈពេល៥ទសវត្សរ៍» នៃត្រកូល Assad៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner