សភាជាតិកូរ៉េខាងត្បូងអនុម័តញត្តិចោទប្រកាន់លោក Yoon
បរទេស៖ នៅទីបំផុត នៅថ្ងៃសៅរ៍នេះ រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តសំណើចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol។ នេះជាការបោះឆ្នោតលើកទីពីរ បន្ទាប់ពីការស្នើនេះ បានបរាជ័យម្តង កាលពីសប្តាហ៍មុន ដោយសារសមាជិកបក្សកាន់អំណាច មិនបានចូលរួម។
លោក Yoon Suk-yeol ត្រូវព្យួរ ហើយនាយករដ្ឋមន្ត្រី Han Duck-soo នឹងចូលកាន់តំណែងជំនួស ជាបណ្តោះអាសន្ន។ ការផ្លាស់ប្តូរនេះបានកើតមានឡើង នៅក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក។ ប៉ុន្តែ លោកបានដកសេចក្តីប្រកាសនេះចេញវិញ ត្រឹមតែ ៦ម៉ោង ក្រោយមក។
តុលាការធម្មនុញ្ញនឹងសម្រេច ក្នុងរយៈពេល១៨០ថ្ងៃ ថាតើប្រធានាធិបតីរូបនេះ ចាំបាច់ត្រូវដកចេញពីតំណែង ដែរឬទេ។
គួររម្លឹកថា លោក Yoon បានផ្អាកការគ្រប់គ្រងប្រទេសបែបស៊ីវិល កាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា មុនពេលសមាជិកសភាបានបង្ខំលោក ឱ្យដកការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកវិញ ដើម្បីស្ថិរភាព។
លោក Yoon ធ្លាប់បានចោទប្រកាន់ក្រុមប្រឆាំងថា បានរុញប្រទេស ចូលទៅក្នុង «វិបត្តិជាតិ»។ លោក Yoon បាននិយាយថា «រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងដ៏ធំ បានក្លាយជាបិសាច ដែលបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នៃលទ្ធិប្រជាធិបតេយ្យសេរី»។ ប៉ុន្តែ លោកក៏បាននិយាយដែរថា លោកនឹងមិនគេច ពីការទទួលខុសត្រូវ ផ្នែកច្បាប់ និងនយោបាយ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក នោះទេ៕
ប្រភពពី NHK ប្រែសម្រួល៖ សារ៉ាត