លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីបើកពិធីបុណ្យរំលឹកគុណអង្គរលើកទី៤

(ខេត្តសៀមរាប) ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប ៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៩២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ច ដែលនាំមកនូវការរីកចម្រើនប្រកបដោយចីរភាព សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៍យូរលុងរបស់ជាតិសាសនាខ្មែរដែលមានវ័យចំណាស់មួយនេះ។ ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរណ៍អាចបន្ដមើលឃើញនូវសក្ខីកម្មនូវស្នាដៃដ៍អស្ចារ្យ របស់បុព្វបុរសខ្មែរប្រកបដោយទេព្យកោសល្យខ្ពស់។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ប្រជាជនខ្មែរត្រូវភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ នៃប្រទេសជាតិឱ្យទៅកាន់ពិភពលោក ខណៈដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីបានបណ្ដុះនូវពាក្យស្លោក អរគុណសន្ដិភាព ដើម្បីបន្ដគាំទ្រដល់រដ្ឋធម្មនុញ្ញ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្ដិ។

លោកជំទាវបណ្ឌិតបានបន្តថាបច្ចុប្បន្នការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ មានការផ្លាស់ប្ដូរប្រកបដោយសោភណ្ឌភាពទៅតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងត្រូវបានទទួលស្គាល់ពីសាធារណៈជន ជាពិសេសភ្ញៀវទេសចរអន្ដរជាតិ ដែលពួកគាត់ធ្លាប់បានទៅទស្សនាទឹកដីអង្គរកាលពីមុន។

លោកជំទាវបានសម្ដែងការសរសើរ និងបានទទួលស្គាល់ពីភាពរីកចម្រើនដែលរមណីយដ្ឋានអង្គរបានប្រែក្លាយជាវិជ្ជមាន។ លោកជំទាវបណ្ឌិតបានប្រកាសថារមណីយដ្ឋានអង្គរ គឺជាសម្បត្ដិបេតិកភណ្ឌ នៃមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវប្ដូរផ្ដាច់រួបរួមគ្នារក្សាការពារទឹកដីកម្ពុជា ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានរីកចម្រើនលូតលាស់សំបូររុងរឿង និងសន្ដិភាពជានិរន្ដរ៍៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner