កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប
(កែប)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប ដោយបានចែករំលែកទៅកាន់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទី១៣ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសកម្មវិធីមានប្រសាសន៍ថា សិស្សានុសិស្សទទួលបានចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយចូលរួម និងបានដឹងពីប្រវត្តិនៃកីឡាអូឡាំពិក អូឡាំពិកសម័យទំនើប និងកម្ពុជាត្រៀមធ្វើជាម្ចាស់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
ឆ្លងកាត់ការសិក្សាមួយវគ្គ សិស្សានុសិស្សទទួលបានចំណេះដឹងច្រើនទាំងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងគុណតម្លៃអូឡាំពិក។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្ឃឹមថា ពួកគេនឹងបន្តចូលរួម និងលើកកម្ពស់យុទ្ធនាការយុវជនម្នាក់លេងកីឡាមួយប្រភេទ។
យុវជន ឌី ទួនសិរីរ័តន៍ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ឱ្យដឹងថា នេះជាលើកទី១ហើយដែលរូបគេបានចូលរួមកម្មវិធីផ្សព្វផ្សាយកម្មវិធីគុណតម្លៃអូឡាំពិកនេះ។ ក្រោយបានចូលរួមវគ្គដ៏សំខាន់នេះ យុវជនខាងលើយល់ថា ពិតជាមានសារៈសំខាន់ក្នុងការយល់ដឹងពីកីឡាអូឡាំពិក និងការប្រកួតកីឡាធំៗឯទៀតជាពិសេសក្នុងប្រទេសកម្ពុជា ដែលនេះបានបង្ហាញថា ប្រទេសជាតិមានភាពរុងរឿង ព្រោះអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗបាន។
បន្ទាប់ពីខេត្តកែប ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តថា យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះបានបន្តទៅដល់ខេត្តកំពតនៅថ្ងៃទី១៤ ខែធ្នូ ក៏ដូចជាចូលរួមកម្មវិធីបុណ្យសមុទ្រផងដែរ៕
ដោយ ៖ ជាវ ចន្ធូ









