ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសលទ្ធផលនៃការប្រឡង សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល
(ភ្នំពេញ)៖ លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ( វិញ្ញាសាសរសេរលើកទី២) បេក្ខជនជាប់ជាស្ថាពរសរុប ៦៨នាក់ ក្នុងនោះស្រី ២៣នាក់ ។ ចំណែកលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) សរុបបេក្ខជនជាប់ផ្លូវការមាន ១៨០ នាក់ ក្នុងនោះ ស្រី៥៤ នាក់ បេក្ខជនជាប់បម្រុងមាន ១២៤នាក់ ស្រី២៩នាក់ ។
ដំណើរការប្រកាសលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) បានប្រកាសកាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ នៅក្នុងមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចលើលទ្ធផលការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ (វិញ្ញាសាសរសេរលើកទី២) និងលទ្ធផលស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។
គណៈកម្មការរៀបចំការប្រឡងប្រជែង បានជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល ឱ្យបានជ្រាបដែរថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់បន្តទៀត នៅសម័យប្រឡងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ចំពោះការបែងចែកលេខបន្ទប់ និងព័ត៌មានផ្សេងៗ ពាក់ព័ន្ធដំណើរការនៃការប្រឡង នឹងត្រូវប្រកាសផ្សព្វផ្សាយនៅពេលក្រោយ។
យោងតាមការបញ្ជាក់ពី ឯកឧត្តម យក់ ប៊ុណ្ណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសារធារណៈ បានគូសបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការជាំនាន់ទី១១ នៅឆ្នាំនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល បន្ទាប់ពីជ្រើសរើសហើយនិងទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល ហើយនិងបែងចែកឱ្យទៅបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តា២៥ រាជធានី ខេត្ត សំរាប់សិស្សមន្រ្តីជាន់ខ្ពស់ ហើយនិងនៅតាមក្រុងស្រុកខណ្ឌចំនួន ១៨០ សំរាប់សិស្សមន្រ្តីក្រមការ។
ឯកឧត្តមគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសនៅពេលនេះគឺបេក្ខជនដាក់ពាក្យនៅកន្លែការងារពិតប្រាកដ ទៅតាមជំនាញដែលជាតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានផ្នែករដ្ឋបាល ទំនាក់ទំនងអន្តរជាតិ និងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំរាប់សិស្សមន្រ្តីជាន់ខ្ពស់ ដោយឡែកសំរាប់សិស្សមន្រ្តីសំរាប់បម្រើការងារនោតាមបណ្តា ក្រុង ស្រុក ខណ្ឌ គឺមិនមានការបែងចែកជំនាញនោះទេ ។
សូមជម្រាបថា ចាប់តាំងពីដំណាក់កាលប្រឡងរហូតដំណាក់កាលកំណែសន្លឹកកិច្ចការ និងរហូតមកដល់ដំណាក់កាលប្រកាសលទ្ធផល ស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕
ដោយ ៖ ង៉ន់ ទិត្យ








