លោក ហ្សេលែនស្គី ៖ រុស្ស៊ីសម្រុកបញ្ជូនកងទ័ពកូរ៉េខាងជើងប្រយុទ្ធនឹងអ៊ុយក្រែន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានសម្រុកបញ្ជូន និងដាក់ពង្រាយទាហានកូរ៉េខាងជើងបន្ថែមទៀត ដើម្បីវាយលុកទីតាំងរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk។
នេះជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ពូទីន ដើម្បីធ្វើយ៉ាងណាវាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់ពីតំបន់ឃើស (Kursk) មុនពេលលោកត្រាំ ស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោកថា លោកមានភស្តុតាងបឋមដែលបង្ហាញថា រុស្ស៊ីបានចាប់ផ្តើមប្រើប្រាស់ទាហានមកពីកូរ៉េខាងជើងកាន់តែច្រើនឡើង ដើម្បីបង្កើនការវាយលុករបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែន ជាពិសេសនៅតំបន់ Kursk។
លោក ហ្សេលេនស្គី បន្ថែមថា គាត់ក៏បានឮផងដែរ ថាជនជាតិកូរ៉េខាងជើង អាចត្រូវបានប្រើប្រាស់នៅក្នុងផ្នែកផ្សេងទៀតនៃសមរភូមិជួរមុខ ហើយថា ការខាតបង់ក្នុងចំណោមពួកគេ ក៏មានគួរឱ្យកត់សម្គាល់ផងដែរ។
លោក ហ្សេលេនស្គី បាននិយាយកាលពីខែមុនថា ទាហានកូរ៉េខាងជើងប្រហែល ១១,០០០នាក់ស្ថិតនៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ហើយបានទទួលរងការខាតបង់រួចហើយ។
ទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនទាហានរបស់ខ្លួនជាង ១០,០០០នាក់ទៅជួយសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយនៅរដូវក្តៅនេះ។ កូរ៉េខាងជើង និងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ ចាប់តាំងពីទីក្រុងមូស្គូបានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា