ហែលទឹកកម្ពុជា អាចពង្រីកបានធនធានច្រើន ពោពេញដោយសក្តានុពល ផ្តើមពីវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ទៅ
(ភ្នំពេញ)៖ វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលរៀបចំសម្រួបសម្រួលដោយ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៩-១៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ ដោយជោគជ័យ ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា វគ្គ សាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហែលទឹកកម្រិត១នេះ មានសិក្ខាកាមចូលរួមចំនួន ២៥ នាក់មកពីមន្ទីអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មន្ទីអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ក្លឹបកីឡាហែលទឹកនាគរាជកំពង់ចាម ក្លឹបហែលទឹកកោះធំខេត្តកណ្តាល ក្លឹបហែលទឹកកោះធំខេត្តកណ្តាល សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងសហព័ន្ធខ្មែរកីឡាហែល ។
លោក អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ឆ្លងកាត់ការបង្រៀនពីគ្រូអន្តរជាតិអស់យៈពេល១សប្តាហ៍នេះ សិក្ខិកាមទទួលបានចំណេះជំនាញយ៉ាងច្រើន នាំយកទៅអនុវត្តបង្ហាត់តាមបណ្តាក្លឹប។ លោក មានសង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមដែលជាគ្រូបង្វឹកវ័យក្មេងទាំងអស់ និងក្លាយជាធនធានរួមចំណែកផលិតបានធនធានកីឡាករកីឡាការិនីហែលទឹកវ័យក្មេងល្អៗជូនកម្ពុជាពោពេញដោយសក្កានុពលនាពេលខាងមុខ។
ចំណែក ឯកឧត្តម ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទំាងអស់ដែលជាគ្រូបង្វឹកកម្រិត ១ នឹងយកចំណេះដឹងទាំងអស់ទៅបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីនៅតាមអង្គភាព និងក្លឹបនានាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព នាថ្ងៃអនាគត។
ឯកឧត្តមបន្ថែមថា គ្រូបង្វឹកវ័យក្មេងៗ ដែលសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្តល់ឱកាសជូនដល់ពួកគាត់ ដើម្បីអភិវឌ្ឍសមត្ថភាពជាមួយវគ្គនេះ និងក្លាយជាធនធានគ្រូបង្វឹកប្រកបដោយគុណភាពសម្រាប់កម្ពុជា ដែលនឹងរួមចំណែកជួយឱ្យកម្ពុជាផលិតបានធនធានហែលទឹកមានគុណភាពក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹក កម្រិត១នេះ បង្រៀនដោយគ្រូឧទ្ទេស លោក Lopez Akvarado Miguel Angel ជាជនជាតិអេស្ប៉ាញមកពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានរយៈពេល ១សប្តាហ៍ សរុបសិក្ខាកាម ២៥នាក់ ៕







ដោយ ៖ ជាវ ចន្ធូ