ក្រសួងបរិស្ថានបើកបង្ហាញគន្លឹះជោគជ័យវិស័យបរិស្ថានឆ្នាំ២០២៤ និងជំហានបន្តឆ្នាំ២០២៥
(ភ្នំពេញ)៖ «ការសិក្សា ការសាកល្បង ការសម្រេចបាននូវសមិទ្ធផលការងារ» គឺជាជំហាននៃភាពជោគជ័យ ដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងឆ្នាំទី១ ហើយជំហាននេះ ក៏ជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ២០២៥ខាងមុខ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន។
នេះជាការថ្លែងឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបើកអង្គសន្និបាតឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបានតាមរយៈការថយចុះនៃចំនួននាំចូលថង់ប្លាស្ទិក ៨០% ដែលផ្តើមចេញពីយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក យុទ្ធនាការសំអាត និងធ្វើឱ្យស្អាតគ្មានសំណល់ សំរាមប្លាស្ទីក និងការកែប្រែផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យ មានភាពស្អាត ភាពបៃតង និងចីរភាពនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។
ស្របនឹងភាពជោគជ័យ ក្រសួងបរិស្ថានក៏បានដាក់ចេញការងារបន្តឆ្នាំ២០២៥ គឺត្រៀមដាក់ចេញយុទ្ធនាការចំនួន ៣បន្ថែមទៀត ដោយផ្តោតសំខាន់លើជីវិតមនុស្ស ក្នុងនោះបានពង្រឹងលើការងារត្រួតពិនិត្យគុណភាពទឹក តាមរយៈការបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវនៅតាមរោងចក្រសហគ្រាសមុនការបញ្ចេញទៅក្រៅ ៕
ដោយ ៖ ម៉ាដេប៉ូ