ក្នុងរយៈពេលជាង ១ឆ្នាំមកនេះក្រសួងបរិស្ថាន បានខិតខំជំរុញភាពស្អាតលើដីដើម្បីកម្ពុជាស្អាត
(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និង លើកទីសដីការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានឱ្យដឹងថា៖ ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០ភាគរយ និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួន ១១ បានប្រមាណ ៨០ភាគរយបើធៀបនឹងឆ្នាំ២០២៣ ។
កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាម ចំនួន ៦៣គ្រឿង រថយន្ត ៨៨គ្រឿង ម៉ូតូកង់បី ១៦១គ្រឿង ធុងចម្រោះទឹក និងធុងសំរាមរាប់ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម មានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន ។
ក្រសួងបានបន្តគាំទ្រ មធ្យោបាយ សម្ភារៈ ក្នុងនោះមានរថយន្តដឹកសំរាមចំនួន ១៨គ្រឿង ដើម្បីគាំទ្រការចូលរួមសម្អាតផ្លូវជាតិ ឆ្ពោះទៅ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។ ដៃគូសហការមួយចំនួនទៀតបានគាំទ្រនិងផ្តល់សម្ភារជាបន្តបន្ទាប់ មកដល់ក្រសួងបរិស្ថាន ដើម្បីអនាគតកម្ពុជាមានភាពស្អាតផងដែរ ៕
ដោយ ៖ ម៉ាដេប៉ូ