កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាល និងសុខដុមរមនារវាងកម្មករនិយោជិត និងថៅកែ ដូចជាគ្រួសារតែមួយ
(ភ្នំពេញ)៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។
លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ។
ជុំវិញការអនុវត្តច្បាប់វិញ លោកស្រី ម៉ី ថារុម មើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតផងដែរ។
លោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។
កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ដ៏ទៃទៀតនោះទេ។
លោកស្រី ឃួន សាខន អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករទាំងអស់ តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូរពីសំណាក់ប្រមុខដឹកនាំប្រទេស ត្បិតការដំឡើងប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក តែតួលេខនេះក៏សមរម្យ ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដំឡើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ។
ទន្ទឹមនេះ ក្រៅតែពីប្រាក់ឈ្នួលគោល កម្មកររូបនេះបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត ដូចជាលើគោលនយោបាយលើគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្តន៍ផងដែរ ។ គោលនយោបាយនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ។
គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបួប គឺ ២០៨ដុល្លារអាមេរិក ក្នុង១ខែ ដែលកើនឡើង ៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន ២០៤ដុល្លារអាមេរិក៕
ដោយ ៖ ង៉ាន់ ទិត្យ