ប្រកាសចូលកាន់តំណែងប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី
បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤មានរៀបចំពិធីប្រកាសលោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យជំនួស លោក ព្រឹម សាលី ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។
លោក ព្រឹម សាលី ធ្វើរបាយការណ៍សង្ខេបរយៈពេលជាង១០កន្លងមក ដោយលោកសម្រេចបានក្នុងការប្រមូលពន្ធជូនរដ្ឋកើនឡើងជារៀងរាល់ឆ្នាំ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានវាយតម្លៃ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់លោកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យចាស់ និងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានសាខាពន្ធដារថ្មី នឹងបន្តកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។
ចំណែក លោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការផ្ទេតំណែងឬការតែងតាំង គឺជាកិច្ចការធម្មតា ។ជាយន្តការរបស់អគ្គនាយកដ្ឋានពន្ធដារ។លោកបានបន្តថា មកទល់ពេលនេះប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធលើសផែនការជាប់ជាប្រចាំ។ទន្ទឹមនេះចំណូលពន្ធមានការកើនឡើង ក៏បណ្ដាលមកពីកត្តាសុខសន្តិភាព ធ្វើអ្នកវិនិយោគក្នុង និងក្រៅប្រទេសបណ្ដាក់ទុនរកស៊ី បង្កើតការងារ និងបង្កើនចំណូលពន្ធផងដែរ៕
ដោយ៖ គៀន ច័ន្ទហ៊ីន