លោកជំទាវ ពោធិតី សាវត្ថី៖ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី គឺមិនអាចទៅរួចទេ,ប្រជាពលរដ្ឋខ្មែរមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ
ភ្នំពេញ ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងប្រាប់ AMS ថា ចរន្តផ្ការីករបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី , មូរ សុខហួរ និងសម សេរី គឺជារឿងបោកប្រាស់ មិនមែនបោកតែប្រជាពលរដ្ឋខ្មែរនោះទេ បោកទាំងបរទេស ដើម្បីទទូចឱ្យបរទេសជួយខ្លួនផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជារាជរដ្ឋាភិបាលស្របច្បាប់។ គំនិតរបស់ទណ្ឌិត សម រង្ស៊ី គឺរកគ្រប់មធ្យោបាយដើម្បីបំផ្លាញប្រទេសជាតិខ្លួនឯង និងបំផ្លាញអ្នកគាំទ្រខ្លួនឯងឱ្យជាប់ពន្ធនាគារតែប៉ុណ្ណោះ។ ផែនការផ្ការីករបស់ក្រុមជនក្បត់ជាតិនេះ គឺមិនអាចទៅរួចទេ ពីព្រោះក្រុម សម រង្ស៊ី និងក្រុម សម សេរី គឺមិនចុះសម្រុងនឹងគ្នាទេ។ ហេតុនេះហើយមិនអាចរួបរួមគ្នាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានទេ។ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនពេញចិត្តចំពោះទង្វើរបស់ក្រុមជនក្បត់ជាតិដែលធ្វើនយោបាយបំផ្លាញប្រទេសជាតិខ្លួនឯងនោះទេ។
លោកជំទាវ ពោធិតី សាវត្ថី បានបន្តថា អ្វីដែលជនក្បត់ជាតិរូបនេះ កំពុងតែធ្វើ គឺគ្រាន់តែជាការធ្វើនយោបាយទាល់ច្រក។ ចំពោះបុគ្គល សម សេរី ធ្វើដើម្បីផលប្រយោជន៍ដើរសុំលុយពីបរទេសថា ខ្លួនជាក្រុមប្រឆាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ សម្រាប់តែមហច្ឆិតាផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ដូច្នេះទាំងជនក្បត់ជាតិ សម រង្ស៊ី , មូរ សុខហួរ ព្រមទាំង សម សេរី គឺកំពុងតែប្រជែងគ្នាចង់ធ្វើជានាយករដ្ឋមន្ត្រីខ្យល់នៅក្រៅប្រទែសតែប៉ុណ្ណោះ។ ពួកគេចង់បោកប្រាស់ប្រជាពលរដ្ឋឱ្យគាំទ្រខ្លួនដែលធ្វើទង្វើខុសច្បាប់។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនគាំទ្រក្រុមជនក្បត់ជាតិនោះទេ ពីព្រោះពួកគាត់ស្រឡាញ់សន្តិភាព។
ជាមួយគ្នានេះ មេដឹកនាំគណបក្សធម្មាធិបតេយ្យ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេស កុំជឿតាមការឃោសនាអកុសលរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី មូរ សុខហួរ និង សម សេរី ។ ហើយសូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាពលរដ្ឋ ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
ដោយ៖ពលជ័យ