កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកដំណើរសាកល្បង​បណ្តោះអាសន្នរយៈពេលបីខែ

កំពត៖ដូចការគ្រោងទុកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចាប់ផ្តើមបើកប្រតិបត្តិការបណ្តោះអាសន្នសម្រាប់​ទទួល​ភ្ញៀវជាតិ និងអន្តរជាតិ ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ការត្រៀមលក្ខណៈ​របស់​ក្រុមហ៊ុនបានរៀប​រយល្អ ដូចនេះឯកឧត្តម​នឹងស្នើសុំគោលការណ៍អញ្ជើញសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជាអញ្ជើញសម្ពោធផ្លូវការនាពេល​ឆាប់ៗខាងមុខ ។

កាលពីសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត(K.I.T.P DEVELOPMENT-CO,LTD)ដែលជា​ដៃគូ​វិនិយោគជាមួយរាជរដ្ឋាភិបាលបានបើកដំណើរការសាកល្បងសេវាកម្មរបស់ខ្លួនដោយមាន​ការចូលរួមពិនិត្យ និងវាយតម្លៃលើ​ការរៀបចំ​ពី​សំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ក្នុង​ឱកាសនេះ​ បានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍​ជាង​១០០នាក់ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាម​មក​កាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត​ជើង​ដំបូង ហើយបន្ត​ទៅកាន់កោះរ៉ុងខេត្តព្រះសីហនុ។

ជាមួយសមិទ្ធផលថ្មីនេះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន លើកឡើងថា​កំពង់ផែទេស​ចរណ៍​អន្តរជាតិខេត្តកំពត ជាការតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់ពីខេត្ត​ព្រះ​សីហនុ  ខេត្តកែប  ទៅកោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ។មានកំពង់ផែនេះ នាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។

ពេលចុះពិនិត្យជាក់ស្តែងដោយឃើញ ក្រុមហ៊ុនរៀបចំឱ្យមាន​ជំនាញ​គ្រប់គ្រាន់ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាព​សប្បាយ​រីករាយជូនដល់អ្នកធ្វើដំណើរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួង​សាធារណការ និងឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍​​បញ្ជាក់ថា លោកនឹងស្នើសុំ​គោលការណ៍ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរៀបចំពិធីសម្ពោធ​បើក​ដំណើរការ​ជាផ្លូវការកំពង់ផែនេះក្នុងពេលឆាប់ៗ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុក​កំពង់​ផែនេះ នឹងជំរុញដល់លំហូរភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ មកកាន់​ខេត្តកំពត ក៏ដូចជាកម្ពុជាតាមផ្លូវទឹកច្រើនបន្ថែមទៀត ក្នុងការទាក់​ទាញ​ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវ​ពីបណ្តា​ប្រទេស​នៅក្នុងតំបន់ ជាពិសេស ប្រទេសវៀតណាម និងថៃ។
 
តំណាងក្រុមហ៊ុនអេហ្សិតគ្រុប បានបញ្ជាក់ថា ឆ្លងកាត់ការខិតខំយ៉ាង​ខ្លាំង​របស់​ក្រុមការងាររបស់លោកជាងបួនប្រាំខែ ទើប​អាចរៀបចំការ​បើកដំណើរការប្រតិបត្តិការបណ្តោះអាសន្ននាពេលនេះ ក្នុងគោល​បំណង់​លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ពិសេសបើកទំព័រ​ប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា ជាមួយប្រទេស​ដទៃ តាមផ្លូវទឹក។

សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាង​សង់​លើផ្ទៃដី៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ  ។កំពង់ផែបានសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងរួច​រាល់នាចុងឆ្នាំ​២០២២ ដោយប្រើ​ប្រាស់​ថវិកាជាង ១១លានដុល្លារក្រោមគម្រោង​ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕
ដោយ៖ សិលា សារិន

ads banner