ខណៈរដូវប្រាំងនឹងចូលមកដល់ មន្រ្តីជំនាញ និងអាជ្ញាធរស្រុក ចុះពន្យល់កសិករពីការគ្រប់គ្រងទឹក
បាត់ដំបង៖លោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមជាមួយមន្ត្រីធនធានទឹក និងអាជ្ញាធរមូលដ្ឋានបានចុះពន្យល់ដល់ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សី ពីរបៀបគ្រប់គ្រងទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ។
ក្នុងសកម្មភាពជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអាងស្តុកទឹកបាសាក់ ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង និងឆ្លើយតបចំពោះសំណើរបស់ប្រជាកសិករស្រុករុក្ខគិរី និងស្រុកមោងប្ញស្សី ដែលសុំបើកទឹកដើម្បីយកទៅស្រោចស្រពស្រូវប្រាំង លោក ខៃ សុដា បានពន្យល់ថា ការធ្វើស្រូវប្រាំងរបស់ប្រជាកសិករ មានទំហំធំច្រើនលើសពីអ្វីដែលអាចជួយសង្គ្រោះបាន ហើយបរិមាណទឹកក៏មានចំនួនតិចតួច ដែលមិនអាចធានាបាន ក្នុងការជួយសង្គ្រោះស្រូវទាំងនោះបានឡើយ។
លោកអនុប្រធានមន្ទីរធនធានទឹក ពន្យល់ដល់ប្រជាកសិករម្តងហើយម្តងទៀតថាមន្ទីរបានរៀបចំរក្សាទឹកទុកនៅក្នុងអាងនេះគឺសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ ។
លោក ខៃ សុដា បានឱ្យដឹងថា បន្ទាប់ឆ្លងកាត់ការពិភាក្សាជាមួយកសិករដោយស្និទស្នាល និងយល់ពីគ្នាទៅវិញទៅមកគឺ កសិករទាំងអស់ឯកភាពគ្នាដោយមិនយកទឹកទៅស្រោចស្រពសង្គ្រោះដំណាំស្រូវទេ គឺសុំត្រឹមតែយកទឹកទៅបំពេញអណ្តូង ឬអាងទឹក និងស្រះតូចៗ ដែលស្ថិតនៅជិតផ្ទះ សម្រាប់ត្រៀមទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសត្វតែប៉ុណ្ណោះ
ជាមួយគ្នានោះ លោក ខៃ សុដា ក៏បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសន្សំសំចៃទឹកទុក ។លោកបានបន្ថែមថា ក្រោយមានការឯកភាពគ្នា មន្រ្តីជំនាញ និង អាជ្ញាធរស្រុក បានបើកផ្ដល់ទឹកជូនដល់ប្រជាពលរដ្ឋ សម្រាប់បំពេញតម្រូវការ និងបានកំណត់រក្សាទុកកម្ពស់ទឹកត្រឹម៤ម៉ែត្រ ខណៈបច្ចុប្បន្នទឹកនៅសល់ក្នុងកម្ពស់៥,៨ម៉ែត្រ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.