ជប៉ុនផលិតផ្លាស្ទិករលាយបាត់ក្នុងទឹកត្រឹមប៉ុន្មានម៉ោង និងផ្តល់ជីវជាតិដល់ដី

បរទេស ៖ កាសែត Times of India បានចេញផ្សាយថា ក្រុមស្រាវជ្រាវ នៅមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្ត្របញ្ហាបន្ទាន់ ក្នុងប្រទេសជប៉ុន ហៅកាត់ RIKEN បានបង្កើតរបកគំហើញថ្មី ដោយបង្កើតផ្លាស្ទិកដែលអាចរលាយបាត់ទាំងស្រុង ក្នុងទឹកសមុទ្រ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយសម្រាប់នៅលើគោកវិញ នឹងរលាយបាត់ ត្រឹមប៉ុន្មានថ្ងៃ ថែមទាំងធ្វើឱ្យដី កាន់តែសម្បូរបែបដោយធាតុចិញ្ចឹម ទៀតផង។

ការរកឃើញនេះ ត្រូវបានរំពឹងថា នឹងជំនួសផ្លាស្ទិកប្រពៃណី ដែលកំពុងបំពុលមហាសមុទ្រ អស់ជាច្រើនសតវត្ស។ ប្រភពបញ្ជាក់ថា ផ្លាស្ទិចដែលត្រូវបានបង្កើតឡើងថ្មីនេះ នឹងប្រើប្រាស់សមាសធាតុសុវត្ថិភាពចំណីអាហារ និងមិនមានជាតិពុល ធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជា ការវេចខ្ចប់ និងឧបករណ៍វេជ្ជសាស្ត្រ ជាដើម។

បើតាមកាសែត Cijtoday ផ្លាស្ទិកបដិវត្តន៍នេះ ត្រូវបានរចនាឡើង ដើម្បីបំបែកខ្លួន យ៉ាងឆាប់រហ័ស នៅក្នុងទឹកសមុទ្រ ដោយសារតែវត្តមានសារធាតុគីមី សារធាតុគីមីបង្កឱ្យមានដំណើរការរិចរិលដែលរុះរើរចនាសម្ព័ន្ធផ្លាស្ទិក ទៅជាសមាសធាតុ គ្មានគ្រោះថ្នាក់។ បន្ទាប់មក ផលិតផលដែលបំបែកត្រូវបានស្រូបយកដោយមីក្រូសារពាង្គកាយសមុទ្រ ហើយ មិនបន្សល់ទុកស្លាកស្នាមផ្លាស្ទិក ឡើយ។

ស្របពេលដែលអ្នកស្រាវជ្រាវបន្តកែលម្អសម្ភារៈដែលឈានមុខនេះ គេសង្ឃឹមថា ផ្លាស្ទិកថ្មីនេះ នឹងត្រូវបានអនុម័ត ឲ្យប្រើប្រាស់ យ៉ាងទូលំទូលាយ ក្នុងពេលឆាប់ៗនេះ ទូទាំងឧស្សាហកម្មផ្សេងៗ ដោយត្រួសត្រាយផ្លូវ សម្រាប់ភពផែនដីដែលស្អាត និងមានសុខភាពល្អ។

ក៏ប៉ុន្តែ ពុំទាន់មានការចេញផ្សាយបញ្ជាក់ថា នឹងមានប្រើប្រាស់ នៅពេលវេលាជាក់លាក់ណាមួយ នៅឡើយទេ៕

ប្រភពពី Cijtoday, Times of India
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner