ចិនជោគជ័យសាកល្បងយន្តហោះលឿនជាងសំឡេង ៦ដង ហោះពីប៉េកាំងទៅញូវយ៉កចាយពេលត្រឹម ២ម៉ោង

ប្រទេសចិនបានបញ្ចេញគំរូយន្តហោះ jumbo ថ្មីមួយ ដែលបានបញ្ចប់ការសាកល្បងហោះដោយជោគជ័យ ជាមួយនឹងល្បឿនលឿនជាងសំឡេងលើសពី ៦ដង (Mach ៦.៥៦) ឬជាង ៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីអំឡុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Eurasian Times។

ការសាកល្បងហោះហើររនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ប្រទេសចិន។ របកគំហើញដ៏សំខាន់ដឹកនាំដោយលោក Cui Kai ដែលប្រធាន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេកានិច ហើយត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

យន្តហោះមានល្បឿនលឿនជាងសំឡេងនេះ ត្រូវបានគេជឿជាក់ថា អាចជួយកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ពោលគឺពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងញូវយ៉ក ចាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យការហោះហើរធម្មតា ចាយពេលពី ១២ ទៅ ១៤ម៉ោងឯណោះ។

ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering បានឱ្យដឹងថា ទោះបីជាជោគជ័យក្នុងការសាកល្បងហោះហើរ ដែលបង្ហាញពីសមិទ្ធិផល និងការរកឃើញដ៏អស្ចារ្យក៏ដោយ ប៉ុន្តែអ្នកជ្រាវជ្រាវចិនបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន មានដូចជាប្រព័ន្ធថាមល សម្ភារៈ និងផ្នែករចនាសម្ព័ន្ធ ដែលទាមទារការដោះស្រាយជាបន្ទាន់ មុនពេលដំណើរការយន្តហោះនេះជាផ្លូវការ។

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ការអភិវឌ្ឍន៍នេះ ធ្វើឱ្យចិនក្លាយជាប្រទេសមួយដឹកនាំបច្ចេកវិទ្យាលឿនជាងសំឡេង ដែលអាចធ្វើបដិវត្តន៍ការធ្វើដំណើរជាសកល និងការហោះហើរអន្តរទ្វីបយ៉ាងឆាប់រហ័សក្លាយជាការពិត ក៏ដូចជាផ្លាស់ប្តូរអាជីវកម្ម និងទេសចរណ៍អន្តរជាតិ ដោយភ្ជាប់ទីក្រុងនានាឆ្លងទ្វីបតាមរបៀបដែលមិនធ្លាប់មានពីមុនមក៕

ប្រភព ៖ Eurasian Times, Interesting Engineering និង SCMP អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner