អ្នកនាំពាក្យ៖ សភាពការណ៍នយោបាយនៅសាធារណរដ្ឋកូរ៉េ មិនប៉ះពាល់ទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយកម្ពុជាឡើយ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឆ្លើយតបនឹងការសាកសួររបស់ប្រព័ន្ធឃោសនា ។
អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ។
ការវិវឌ្ឍនេះ មិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ ។
សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តសំណើចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ហើយនាយករដ្ឋមន្ត្រី Han Duck-soo ចូលកាន់តំណែងជំនួស ជាបណ្តោះអាសន្ន។ ការផ្លាស់ប្តូរនេះ បានកើតមានឡើង នៅក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹក។ ប៉ុន្តែ លោកបានដកសេចក្តីប្រកាសនេះចេញវិញ ត្រឹមតែ ៦ម៉ោង ក្រោយមក។
គួររម្លឹកថា លោក Yoon បានផ្អាកការគ្រប់គ្រងប្រទេសបែបស៊ីវិល កាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយបានបញ្ជូនកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រទៅកាន់សភា មុនពេលសមាជិកសភា បានបង្ខំលោក ឱ្យដកការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកវិញ ដើម្បីស្ថិរភាព ៕
ដោយ ៖ សួង ពិសិដ្ឋ