ក្រសួងបរិស្ថានចេញ វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងព្រមានចាត់ វិធានការផ្លូវច្បាប់ទាំងផាកពិន័យពី១០ ទៅ ១០០លានរៀល និងដាក់ទោស

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញ សេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើង ឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់ មនុស្សផ្ទាល់ ។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការ ដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋាន ខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស ។ ល ។

ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា៖អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី១ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ដល់១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០០លានរៀល។ ដោយឡែក តាមមាត្រា៨៥១ ចំពោះ បុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៣ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់) ឆ្នាំ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner