សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន សាងសង់ទីក្រុងថ្មី លើទឹកដី ក្រុងអរិយក្សត្រ ខេត្តកណ្តាល

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។

ទីក្រុងរណបថ្មី នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការកើនឡើង នៃនគរូបនីយកម្ម សុខុមាលភាពទីក្រុង កំណើនប្រជាជន កំណើន តម្រូវការលំនៅឋាន នៅក្នុង និងក្បែរទីប្រជុំជនមមាញឹក ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្ម និងបំពេញកិច្ចការងារប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ អាចជ្រើសរើសយកទីតាំងលំនៅឋាន នៅក្រុងអរិយក្សត្រ សម្រាប់ការស្នាក់នៅ ។

គម្រោងអភិវឌ្ឍន៍ «ទីក្រុងមេគង្គឃី» ស្ថិតក្នុងក្រុងអរិយក្សត្រ ជាប់ដងទន្លេ​មេគង្គត្រើយខាងកើត ទល់មុខគម្រោងអភិវឌ្ឍន៍កោះនរា ។ គម្រោងនេះ ជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។

គម្រោង «ទីក្រុងមេគង្គឃី» ជាគម្រោងមួយ ត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់លើផ្ទៃដីទំហំប្រមាណ ២១០ហិកតា ។ គម្រោងនេះ ត្រូវបានគិតគូរលើការអភិវឌ្ឍ ដោយបែងចែកជា ២ផ្នែក។ ផ្នែកទី១ លើផ្ទៃដីប្រមាណ ១៤០ហិកតា ក្រុមហ៊ុននឹងរៀបចំសាងសង់ ដោយបែង​ចែក​ជាផ្នែកសំខាន់ៗ ដូចជា៖ ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប , ផ្សារទំនើបតាមដងទន្លេ, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មី ជូនភ្ញៀវទេសចរកាន់តែទទួលបាន ភាពងាយស្រួលក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ ។

សម្រាប់ផ្នែកទី២ លើផ្ទៃដី ៧០ហិកតា ត្រូវបានក្រុមហ៊ុន គ្រោងទុកសម្រាប់​រៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ រៀបចំបណ្ដាញផ្លូវសាធារណៈ និងរៀបចំតំបន់សួនច្បារបៃតង ​តាមដងទន្លេដ៏ធំទូលាយ ក្នុងគោលដៅលើកស្ទួយគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ ។

ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុង ឆ្លាតវៃសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និង ជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ ទន្លេព័ទ្ធជុំវិញ ស្របទៅនឹង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលចង់ឃើញ ត្រើយខាងកើតរាជធានីភ្នំពេញ មានការអភិវឌ្ឍ ស្របនឹងទស្សនវិស័យរបស់ខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នៅក្នុងមុំទី៤ បញ្ចកោណយុទ្ធសាស្ត្រទី៤ ដែលផ្តោតលើការពង្រឹង ការគ្រប់គ្រង់ និងការធ្វើទំនើបកម្មនគរូបនីយកម្ម តាមរយៈការពង្រីកនិងអភិវឌ្ឍទីក្រុងថ្មីៗ បន្ថែមនៅតាមបណ្តារាជធានី-ខេត្ត សំដៅធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខុមាលភាព សម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២២ ដោយមាន ១១ សង្កាត់ និង ៤២ ភូមិ មានផ្ទៃដីទំហំសរុបចំនួន ១៩៩,៣១ គ.ម២ មានប្រជាជនសរុបចំនួន ៨៦ ៥៣៤ នាក់ និងមានដង់ស៊ីតេប្រជាជន រស់នៅចំនួន ៤៥២ នាក់/គ.ម២៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner