សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពឱ្យបានជាដាច់ខាត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលកម្ពុជារកបានក្នុងពេល២៦ឆ្នាំមកនេះ គឺមានរយៈពេលវែងសម្រាប់៥០០ឆ្នាំកន្លងមក ប៉ុន្តែមហិច្ឆតារបស់សម្តេចមិនចង់បានត្រឹមតែប៉ុណ្ណឹងទេ គឺចង់បានសុខសន្តិភាពរហូតទៅ។ ដូច្នេះសូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សា និងការពារនូវសុខសន្តិភាពនេះ ឱ្យបានជាដាច់ខាត។ ការបញ្ជាក់នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចធិបតីបានរម្លឹកថា ផលលាភនៃសុខសន្តិភាព នឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត។ សម្តេចធិបតីបានលើកឡើងថា ផ្ការីកដែលមានអគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធល្អៗនេះហើយដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរចង់បាន។ ផ្ការីករបស់បុគ្គលចាស់វស្សាដែលបានកំពុងអំពាវនាវនៅក្រៅប្រទេសនោះ ប្រជាពលរដ្ឋមិនត្រូវការនោះទេ៕
ដោយ៖ពលជ័យ