សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាមន្ត្រី គុយ សុផល អនុប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ , ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ២៨រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។

កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចជា ៖ ១. ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ , ២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយឆ្នាំ២០២៤, ៣. ស្នើសុំការអនុម័តរបាយការណ៍ ឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៥ និង ៤. បញ្ហាផ្សេងៗ ។

កាកបាទក្រហមកម្ពុជា ជាស្ថាប័នឈានមុខគេ ខាងវិស័យមនុស្សធម៌តែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា មានយុទ្ធសាស្ត្រ មានកម្រងច្បាប់ មានរចនាសម្ព័ន្ធត្រឹមត្រូវ មានធនធានមនុស្សទាំងថ្នាក់កណ្ដាល សាខា អនុសាខា និងមានកម្លាំងយុវជន កក្រក នៅតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា តាមភូមិ អនុវត្តការងារ តាមវិស័យអាទិភាពទាំង៤ ខណៈឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការជាក់ស្ដែង តាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត បាន ៣៩.០៤៧គ្រួសារ (ថ្នាក់កណ្ដាលឆ្លើយតបបាន ១៥.៤៧២គ្រួសារ និងសាខា ២៣.៥៧៥គ្រួសារ) ។

កាកបាទក្រហមកម្ពុជា បានចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំង២៥រាជធានី ខេត្តសរុប ៧.៤២៣គ្រួសារ ក្នុងនោះ ១.៦៧៤គ្រួសារ ទទួលអំណោយពីថ្នាក់កណ្តាល និង ៥.៧៤៩គ្រួសារទទួលអំណោយពីថ្នាក់សាខា ។ ដើម្បីពង្រឹងភាពធន់សហគមន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអនុញ្ញាតឱ្យប្រើកញ្ចប់ថវិកា កាកបាទក្រហមកម្ពុជា អនុវត្តគម្រោងនៅភូមិ៣ ក្នុងឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល មានអ្នកទទួលផល ១.៦២៧គ្រួសារ ស្មើ ៦.០៥៤នាក់ ។

ក្នុងឋានៈជាជំនួយការឱ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌ ដែលមានភារកិច្ច កាត់បន្ថយទុក្ខលំបាក វេទនារបស់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជា បានចូលរួមសហការ ជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

អនុវត្តតាមកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ នៅតែជាអាទិភាពទី១របស់ជាតិ។ ដោយហេតុនេះហើយ ទើប កាកបាទក្រហមកម្ពុជា នៅតែបន្តចូលរួមការពារ និងលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង ជាពិសេស ចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារនិងលុបបំបាត់ជំងឺឆ្លង-មិនឆ្លង អន្តរាគមន៍សុខភាពគ្រាអាសន្ន សុខភាពមនុស្សចាស់ សុខភាពផ្លូវចិត្ត សង្គ្រោះបឋម និងការលើកកម្ពស់ សុខភាពសហគមន៍។

កាកបាទក្រហមកម្ពុជា នៅតែបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី៧ និងជាលើកទី១៣ សម្រាប់មន្ទីរពេទ្យកុមារ គន្ធបុប្ផា រួមទាំងថវិកា ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៧ ដែលបានអនុវត្តការងារ ។ បច្ចុប្បន្ន ការងារវិជ្ជាសង្គ្រោះបឋម បាននិងកំពុងអនុវត្តដោយសាខា កាកបាទក្រហមកម្ពុជា ទូទាំង ២៥រាជធានី ខេត្ត ដែលមានគ្រូបង្គោលថ្នាក់កណ្តាល ១៨នាក់ ថ្នាក់សាខា ១១៤នាក់ ថ្នាក់អនុសាខា៣៨នាក់ និងមានភ្នាក់ងារសង្គ្រោះបឋម ១០៧.៣៦០នាក់ ។

ការប្រារព្ធទិវា ៨ឧសភា ខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានយកឱកាសនៃទិវានេះ ជាយុទ្ធនាការផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបានរបស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតប ចំពោះសេចក្តីត្រូវការរបស់ ជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ការរៀបចំយុទ្ធនាការ កៀរគររកមូលនិធិនេះ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដែលនៅឆ្នាំ២០២៤ ថ្នាក់កណ្តាល ទទួលសប្បុរសជន ១.៥៥២នាក់កើនឡើង១២% ។ រីឯសមាជិកភាពទូទាំងប្រទេសកើនឡើង៤៣% ចំនួន ៥១.១៩០នាក់ ។
ដើម្បីកែសម្រួលជីវភាព និងបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេច ផ្តល់កញ្ចប់ថវិកា សម្រាប់អនុវត្តការងារប្រាក់កម្ចីពុំមានការប្រាក់ ជូនគ្រួសាររងគ្រោះដោយសារមីន គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន ៤៦០គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានប្រាក់កម្ចី ១លានរៀល ហើយថវិកានេះ នឹងត្រូវបង់សងត្រឡប់មកវិញប្រចាំខែ ដើម្បីជាទុន សម្រាប់បង្វិលឱ្យអ្នកផ្សេងទៀតខ្ចីបន្ត ។ ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន មានគ្រួសារចាស់ដែលទទួលបានប្រាក់កម្ចី ពុំមានការប្រាក់ពីកាកបាទក្រហមកម្ពុជា តែមិនទាន់សងត្រឡប់ ១.១២៨គ្រួសារ តាមរយៈការសង្កេត ការសាកសួរដោយផ្ទាល់ និងការពិនិត្យជាក់ស្តែង របស់ក្រុមការងារតាមសាខានីមួយៗ ឃើញថា ប្រជាពលរដ្ឋប្រមាណ ៨៥ភាគរយ មានជីវភាពប្រសើរជាងមុន មានសុខភាពល្អ ហើយកូនៗ ក៏បានចូលរៀនគ្រប់ៗគ្នា ចំណែក ១៥% ទៀត បាននិងកំពុងដំណើរការមុខរបរជាធម្មតា ។ ចំពោះការងារលើកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព ប្រកបដោយបរិយាបន្ន មានគោលបំណងទប់ស្កាត់អំពើហិង្សា ក្នុងគ្រួសារ ការប្រើប្រាស់ឥរិយាបថអវិជ្ជមានរបស់សង្គម មកលើកុមារ និងស្រ្តី ពិសេស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ គ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ។

ការងារអភិវឌ្ឍស្ថាប័ន ជាមូលដ្ឋានគ្រឹះ ជួយឱ្យសមាគមជាតិ បានបំពេញការងារផ្តល់សេវាជួយប្រជាពលរដ្ឋតាមវិស័យអាទិភាពទទួលបានជោគជ័យ ព្រមទាំងជំរុញឱ្យការងារមនុស្សធម៌ ឈានមុខគេមួយនេះ អាចពង្រឹងបានភាពម្ចាស់ ទាំងថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទូទាំង ២៥រាជធានី ខេត្ត ស្របតាមទិសវិមជ្ឈការ វិសហមជ្ឈការ សំដៅពង្រឹងពង្រីករចនាសម្ព័ន្ធអភិបាល និងគ្រប់គ្រងម្ចាស់ការ ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន ។ បច្ចុប្បន្ន ថ្នាក់កណ្តាល បាននិងកំពុងបន្តតួនាទីជួយគាំទ្របច្ចេកទេស និងតម្រង់ទិស សាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្ត ក្នុងការកសាងនិងអនុវត្តផែនការ ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា សំដៅលើកកម្ពស់ការដឹកនាំ គ្រប់គ្រងសាខា តាមអភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព តាមកញ្ចប់ការងារទាំង៧ រួមមាន៖ ១. ការអភិបាល និងគ្រប់គ្រង, ២. ការអភិវឌ្ឍសាខា អនុសាខា, ៣. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដូចជា មន្ត្រី-បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហមកម្ពុជា, ៤. ការអភិវឌ្ឍធនធានហិរញ្ញវត្ថុ, ៥. ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តការ, ៦. ការអភិវឌ្ឍការងាររដ្ឋបាលហិរញ្ញកិច្ច, ៧. ការកសាងផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ។

ជោគជ័យមកដល់ថ្ងៃនេះ គឺដោយមានព្រះវត្តមានរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ ប្រកបដោយមគ្គុទេសដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានជាមួយគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ និងភាពដឹកនាំ ឈរលើអភិក្រមបុរេសកម្មចំពោះការងារ ដោយបានសហការយ៉ាងល្អជាមួយសមាគមជាតិដៃគូ សប្បុរសជន ក្រសួងស្ថាបន និងអាជ្ញាធរមូលដ្ឋាន ប្រមូលផ្ដុំរួមគ្នានូវសមត្ថភាព បញ្ញាញាណ ធនធានសម្ភារៈ និងថវិកា សម្រេចបានសមិទ្ធផលយ៉ាងច្រើន ជាប្រយោជន៍ដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលនាំនាវាកាកបាទក្រហមកម្ពុជា មានមុខមាត់ មានការទទួលស្គាល់ពីសក្តានុពល និងកិត្តិនាម លើឆាកអន្តរជាតិ និងមានការគាំទ្រ ផ្តល់តម្លៃពីប្រជាពលរដ្ឋ គ្រប់ស្រទាប់ ។

សម្រាប់ទិសដៅការងារ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ផ្ដោតលើវិស័យអាទិភាព សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍, វិស័យអាទិភាព ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌, វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner